ក្រុមប្រទេសអ្នកមានចំនួនប្រាំពីរ (G7)កំពុងរៀបចំការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើប្រទេសរុស្ស៊ីក្នុងមួយឆ្នាំបន្ទាប់ពីការលុកលុយលើអ៊ុយក្រែនដោយផ្តោតលើវិស័យសេដ្ឋកិច្ចសំខាន់ៗ និងប្រទេសឬអង្គការផ្សេងទៀតដែលជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងម៉ូស្គូ។
មេដឹកនាំនៃប្លុករបស់ប្រទេសអភិវឌ្ឍន៍បានជួបប្រជុំគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃសុក្រទី ២៤ ខែកុម្ភៈ ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី ហើយត្រូវបានគេរំពឹងថានឹងប្រកាសអំពីកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត។
ប្រធាន G7 បច្ចុប្បន្ន ជប៉ុនបានឱ្យដឹងថា ខ្លួនកំពុងពិចារណាវិធានការថ្មី ដោយមិនផ្តល់ព័ត៌មានលម្អិតណាមួយឡើយ ហើយបានអំពាវនាវឱ្យមានជំហររួបរួមដើម្បីប្រឆាំងនឹងទីក្រុងម៉ូស្គូ។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida)បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ៖«រុស្ស៊ីកំពុងបដិសេធដោយមិនផ្លាស់ប្ដូរជំហររឹងរូសរបស់ពួកគេទេ ដូច្នេះហើយសហគមន៍អន្តរជាតិត្រូវតែរួមគ្នា និងបង្ហាញសាមគ្គីភាព ជាពិសេសដាក់ទណ្ឌកម្មខ្លាំងៗប្រឆាំងនឹងរុស្ស៊ី»។

ទន្ទឹមនឹងនេះ អង់គ្លេស និងសហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មថ្មីដោយឡែកពីគ្នា រួមទាំងការហាមឃាត់ការនាំចេញ និងពន្ធលើសម្ភារៈទាំងអស់ដែលប្រើប្រាស់ក្នុងសង្គ្រាម ក៏ដូចជា តួអង្គប្រទេសទីបី ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ីនៅទូទាំងអឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ា។ សមាជិក G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាម៉េរិក។ ក្រុមនេះក៏បានជួបប្រជុំគ្នាកាលពីឆ្នាំមុន នៅប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមប្រតិបត្តិការលុកលុយរបស់លោកលើអ៊ុយក្រែន ហើយពួកគេបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើអ្នកពាក់ព័ន្ធ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅឯកិច្ចប្រជុំនៃក្រុមប្រទេសចំនួន ២០ ដែលរៀបចំដោយប្រធាន G20 ដែលបច្ចុប្បន្នឥណ្ឌាជាប្រធាន បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងដល់រុស្ស៊ី ក៏ដូចជាជំនួយហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់អ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានប្រាប់សារព័ត៌មានរ៉យទ័រថា មេដឹកនាំហិរញ្ញវត្ថុ G20 ត្រូវតែថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ខណៈឥណ្ឌាបានរក្សាជំហរអព្យាក្រិតលើជម្លោះនេះ ដោយមិនចង់ឱ្យក្រុម G20 ពិភាក្សាអំពីទណ្ឌកម្មបន្ថែមលើរុស្ស៊ីទេ។
គួរបញ្ជាក់ថា ឥណ្ឌាបានបង្កើនការទិញប្រេងរបស់រុស្ស៊ីដែលមានតម្លៃថោកយ៉ាងខ្លាំងចាប់តាំងពីជម្លោះបានកើតឡើង។ ថ្លែងនៅក្នុងកិច្ចប្រជុំ G20 រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក លោកស្រី ចាណេត យ៉េឡេន (Janet Yellen) បានចោទប្រកាន់មន្ត្រីរុស្ស៊ីថាបានពាក់ព័ន្ធនឹងអំពើឃោរឃៅនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕



