ប្រទេស G7 ប្រជុំជជែកគ្នាអំពីផែនការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ចិន
ហៀប ស៊ីថេត
13 មករា 2026 06:30 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មកពីបណ្តាប្រទេសសមាជិក G7 និងប្រទេសសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត បានជួបប្រជុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទទី១២ ខែមករា ដើម្បីពិភាក្សាអំពីវិធីកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រពីប្រទេសចិន រួមទាំងការកំណត់កម្រិតតម្លៃ និងភាពជាដៃគូថ្មីដើម្បីបង្កើតការផ្គត់ផ្គង់ជំនួស...។

រដ្ឋមន្រ្តីក្រសួង​រតនាគារ​អាម៉េរិក លោក ស្កុត បេសសិន (Scott Bessent) បានកោះប្រជុំជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជា​សមាជិក G7 ដោយសមាជិក៦ទៀត រួមមាន៖ ជប៉ុន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងកាណាដា ព្រមទាំង​មន្ត្រី​មកពី​អូស្ត្រាលី ម៉ិកស៊ិក កូរ៉េខាងត្បូង និង​ឥណ្ឌា ឱ្យចូលតុពិភាក្សាគ្នា ក្នុងបំណងកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ចិន។ លោក បេសសិន បានពិភាក្សាអំពីដំណោះស្រាយក្នុងការធានា និងធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់សារធាតុរ៉ែសំខាន់ៗ ជាពិសេសរ៉ែកម្រ។ លោក បេសសិន ក៏នឹងជំរុញឱ្យអ្នកចូលរួមនានាបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែកលើរ៉ែសំខាន់ៗពីប្រទេសចិន បន្ទាប់ពីរដ្ឋធានីប៉េកាំង រឹតបន្តឹងលើការផ្គត់ផ្គង់រ៉ែកម្រដល់ប្រទេសជប៉ុន។ មែនទែនទៅ សារធាតុរ៉ែកម្រគឺចាំបាច់ណាស់សម្រាប់បច្ចេកវិទ្យាការពារជាតិ បន្ទះឈីប សមាសធាតុថាមពលកកើតឡើងវិញ អាគុយ និងដំណើរការចម្រាញ់។

លោក ស្កុត បេសសិន
លោក ស្កុត បេសសិន

កិច្ចពិភាក្សារបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមកពីបណ្តាប្រទេសសមាជិក G7 ធ្វើឡើងក្រោយប្រទេសជប៉ុន សាកល្បងការទាញយករ៉ែកម្រនៅក្រោមបាតសមុទ្ទទឹកជ្រៅក្នុងជម្រៅ៦០០០ម៉ែត្រ ខណៈប្រតិបត្តិការនេះ គឺជាលើកដំបូងបំផុតរបស់ពិភពលោក ដែលអតីតខ្លាកំណាចជំនាន់សង្គ្រាមលោកលើកទី២ មានបំណងទប់ស្កាត់ការពឹងផ្អែកលើរ៉ែកម្ររបស់ប្រទេសចិន និយាយឱ្យខ្លី គឺមិនចង់ពឹងច្រមុះរដ្ឋធានីប៉េកាំងដកដង្ហើមតទៀតទេ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត