រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក៖ មន្ត្រីរុស្ស៊ីនៅឯកិច្ចប្រជុំ G20 បានចូលរួមក្នុងអំពើឃោរឃៅនៅអ៊ុយក្រែន
N
Nary Vann
24 កុម្ភៈ 2023 12:30 PM

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក លោកស្រី ចេណេត យេឡេន (Janet Yellen) បានចោទប្រកាន់មន្ត្រីរុស្ស៊ីដែលមានវត្តមានក្នុងកិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) ថា បានចូលរួមក្នុងអំពើឃោរឃៅនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងសម្រាប់ការខូចខាតដែលសង្រ្គាមបានបង្កឡើងដល់សេដ្ឋកិច្ចពិភពលោក។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំមួយក្នុងឱកាសខួបលើកទីមួយនៃការឈ្លានពានរបស់រុស្ស៊ី លោក យេឡេន បានអំពាវនាវដល់សមភាគី G20 ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទ្វេដង ដើម្បីគាំទ្រអ៊ុយក្រែន និងរឹតបណ្តឹងសមត្ថភាពបង្កសង្គ្រាមរបស់រុស្ស៊ី។ លោកស្រីបានលើកឡើងថា អាវុធរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ពោលគឺស្បៀងអាហារ និងថាមពល មិនត្រឹមតែប៉ះពាល់ដល់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កផលវិបាកដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ជាពិសេសប្រទេសកំពុងអភិវឌ្ឍ។

លោកស្រី ចេណេត យេឡេន
លោកស្រី ចេណេត យេឡេន

លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជំរុញឱ្យមន្រ្តីរុស្ស៊ី ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ G20 ឱ្យយល់ថា ការងាររបស់ពួកគេសម្រាប់វិមានក្រែមឡាំង ធ្វើឱ្យពួកគេចូលរួមចំណែកនៅក្នុងអំពើឃោរឃៅរបស់ លោក ពូទីន។ ពួកគេ​ត្រូវតែទទួល​ខុសត្រូវ​ចំពោះអាយុ​ជីវិត និងស្ថានភាពរស់នៅរបស់ប្រជាជន​អ៊ុយក្រែន ក៏ដូចជា​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​នៅ​ទូទាំង​ពិភពលោកទាំងមូល»។

ប្រទេសរុស្ស៊ីបានបញ្ជូនមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ ជាតំណាងនៅក្នុងកិច្ចប្រជុំខាងលើ នេះបើយោងតាមមន្ត្រីរតនាគារសហរដ្ឋអាម៉េរិក។ ដោយឡែក រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីលោក អេនតុន ស៊ីលូនូវ (Anton Siluanov) និងទេសាភិបាលធនាគារកណ្តាល លោកស្រី អេលវីរ៉ា ណាប៊ីអូលីណា (Elvira Nabiullina) មិនបានចូលរួមក្នុងកិច្ចប្រជុំនេះទេ។

ជាចុងក្រោយ លោកស្រី យេឡេន បានបន្ថែមថា ការបញ្ចប់សង្រ្គាម គឺជាភាពចាំបាច់ខាងសីលធម៌ សម្រាប់សេដ្ឋកិច្ចពិភពលោក ហើយបានសង្កត់ធ្ងន់ម្ដងទៀតថា សហរដ្ឋអាម៉េរិក នឹងឈរក្បែរអ៊ុយក្រែនឱ្យបានយូរតាមដែលប្រទេសនេះត្រូវការ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត