
(បាល់ទាត់) ក្រុមបិសាចក្រហម Manchester United ត្រូវបានរាយការណ៍ថាបានកំណត់តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Marcus Rashford រហូតដល់ ១១៥ លានផោន បន្ទាប់ពីស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់យកឈ្នះលើ Leicester City នៅកីទ្បដ្ឋាន Old Trafford ដោយបញ្ចប់លទ្ធផល ៣-០ កាលពីយប់មិញ។

Marcus Rashford នៅក្រោមការដឹកនាំរបស់លោក Erik Ten Hag ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុមបិសាចក្រហម Manchester United បានបង្ហាញទម្រង់កាន់តែល្អខ្លាំង ដោយស៊ុតបញ្ចូលទីរហូតដល់២៤គ្រាប់គ្រប់កម្មវិធីនារដូវកាលនេះ។ ខណៈដែល Rashford ជាកីទ្បាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគកំពូលទាំងប្រាំរបស់ទ្វីបអឺរ៉ុប ដោយស៊ុតបញ្ចូលទី ១៦ គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ ប្រកួតសម្រាប់ក្លិបយក្សអង់គ្លេសមួយនេះ គិតចាប់តាំងពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ បានបញ្ចប់។

កិច្ចសន្យារបស់ Marcus Rashford នឹងផុតកំណត់ជាមួយក្រុមបិសាចក្រហម Manchester United រហូតដល់ឆ្នាំ ២០២៤ ខណៈដែលក្លិបអង់គ្លេសនេះបានបន្ថែមកិច្ចសន្យាមួយឆ្នាំក្នុងលក្ខខណ្ឌចាស់ ហើយតម្លៃខ្លួនរបស់គេកើនទ្បើងរហូតដល់ ១៣០ លានអឺរ៉ូ (១១៥ លានផោន)។ នេះបើយោងតាម Daily Star អះអាង។
សូមបញ្ជាក់ថា ក្រុមបិសាចក្រហម Manchester United នឹងបើកកីទ្បដ្ឋាន Old Trafford ទទួលស្វាមគមន៍ក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងការប្រកួតជើងទីពីរវគ្គ Play-off ដើម្បីទ្បើងវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទីពីររបស់ទ្វីបអឺរ៉ុប UEFA Europa League នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ខណៈដែលលទ្ធផលជើងទីមួយក្រុមទាំងពីរនេះប្រកួតស្មើគ្នា២-២ ប៉ុណ្ណោះនៅឯកីទ្បដ្ឋាន Nou Camp កាលពីកន្លងទៅថ្មីៗនេះ៕


ប្រភព៖ sportbible


