មកដឹងខ្លះៗ! ពីឈុតតំណាងជាតិដែលឈ្នះ Best in National Costume លើកទី១ក្នុងកម្មវិធី Miss Charm 2023
អុន សម្ផស្ស
17 កុម្ភៈ 2023 08:00 AM

សិល្បៈ៖ មហាជននិយមតាមដានវិស័យបវរកញ្ញាប្រាកដជាជ្រាបជាក់ជាមិនខាន ពីកម្មវិធីប្រកួតបវរកញ្ញាលំដាប់អន្តរជាតិ Miss Charm 2023 ដែលបានបញ្ចប់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៣នេះហើយ ទោះបីជាកម្ពុជាមិនបានឡើទៅកាន់វគ្គ Top ណាមួយពិតមែនប៉ុន្តែ កញ្ញា ប៊ី​ សុធារី ដែលជាបេក្ខភាពតំណាងឱ្យកម្ពុជា ធ្វើបានយ៉ាងល្អដោយនាងបាននាំយកនៅជ័យលាភី Best in National Costume មកឱ្យមាតុប្រទេសវិញដែរ...។

គួរដឹងដែរថា ឈុតតំណាងជាតិដែលជាប់លេខ១ ក្នុងកម្មវិធី Miss Charm 2023នេះ មានឈ្មោះថា «រាជិនីមយូរ៉ា» ឈុតនេះត្រូវបានច្នៃឡើងដោយលោក ជួប វិចត្រ ហៅស្ករគ្រាប់ Skor Krob ដែលជាអ្នកច្នៃម៉ូតកម្ពុជាដ៏មានទេព្យកោសល្យ។ បើតាមអ្នកច្នៃម៉ូតរូបនេះ បានឱ្យដឹងថា «រាជិនីមយូរ៉ា»  ជាឈុតត្រូវបានដកស្រង់ចេញពីសត្វក្ងោក​ ដែលជាសត្វតំណាងឱ្យភាពបរិសុទ្ធ​ ជាសត្វដែលដំណាងឱ្យស្ដេចស្រីដែលមានឥទ្ធិពល មានអំណាច​។ ម៉្យាងវិញទៀត ក្ងោក ជាប្រភេទសត្វបក្សីមួយដែលសម្បូបំផុតនៅក្នុងខេត្តប៉ៃលិននៃប្រទេសកម្ពុជា​ ដូច្នេះហើយទើបខ្មែរយើងតាំងពីបុរាណ បានបង្កើតរបាំជាច្រើនដែលទាក់ទងទៅហ្នឹងសត្វក្ងោកនេះ ព្រោះសត្វមួយប្រភេទនេះ មានរោមខ្លួនស្អាតលើសអស់សត្វនានា តំណាងឱ្យសិរីសួស្ដី​ ហើយសព្វថ្ងៃសត្វមួយប្រភេទ​នេះ មានតិចតួចបំផុត​នៅកម្ពុជា​ទើបមានការ​អភិរក្ស​ ថែរក្សារជា​សម្បត្តិ​របស់ជាតិ។

លោកបានឱ្យដឹងបន្ថែមថា ឈុតនេះ ធ្វើរយៈពេល២ឆ្នាំមកហើយទើបណ្តាលឱ្យឈុតមានការខ្វះខាតបន្តិចបន្តួច «ដោយភ្លើងដែលដាក់ភ្ជាប់ក្នុងឈុតត្រូវបានដាច់ នឹងរកដំណរមិនឃើញទាល់តែសោះ វាជារឿងមួយ ដែលគួរឱ្យសោកស្ដាយ បើសិនជាអាចបើកភ្លើងបានទៀតឈុតគឺ perfect ១00ភាគរយតែម្ដង»

សូមជម្រាបថា ក្រោយពីត្រូវបានពន្យារពេលអស់រយៈពេលជាច្រើនឆ្នាំ កម្មវិធីប្រកួតបវរកញ្ញាលំដាប់អន្តរជាតិ Miss Charm 2023 ដែលត្រូវប្រកួតនៅប្រទេសវៀតណាម បានបញ្ចប់បេសកកម្មស្វែងរកម្ចាស់មកុដដំបូងឃើញហើយ ដោយបានទៅលើបេក្ខភាពមកពី ប្រទេសប្រេស៊ីល នាងឡូម៉ា រ៉ូសូ  LUMA RUSSO ខណៈនាង អាន់ណាប៊ែល ម៉ាកដូណាល់ ANNABELLE MCDONNELL បេក្ខភាពមកពី ប្រទេសហ្វីលីពីន ទទួលបានលំដាប់រងទី១ និង នាងអូលីវ្យា តាន់ OLIVIA TAN មកពីប្រទេស ឥណ្ឌូណេស៊ី ទទួលបានលំដាប់រងទី២៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត