រដ្ឋមន្ដ្រីសេដ្ឋកិច្ច ស្នើឱ្យក្រសួងសាធារណការសិក្សាគម្រោងផ្លូវដែកភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត ដើម្បីរាជរដ្ឋាភិបាលសម្រេច
K
Kimhuoy Klaing
16 កុម្ភៈ 2023 10:00 AM

រាជធានីភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញ​ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយលើគម្រោង​ផ្លូវ​ដែក​អាទិភាព។ ការថ្លែងនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

គ្រោងផ្លូវដែកដែលត្រូវសិក្សា រួមមាន៖ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីក្រុងសៀមរាប ទៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ គម្រោងផ្លូវរថភ្លើងក្រោមដីនៅក្នុងរាជធានីភ្នំពេញ​ និងគម្រោងផ្លូវដែកល្បឿនលឿនដែលត្រូវធ្វើឡើងជាកញ្ចប់ ទាំងសម្រាប់ការតភ្ជាប់ផ្ទៃក្នុងកម្ពុជា និង​សម្រាប់ការតភ្ជាប់ក្នុងតំបន់ ជាពិសេសការតភ្ជាប់រហូតទៅដល់ប្រទេសចិន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមស្នើក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយលើគម្រោងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត, ទាំងល្បឿនលឿន និងល្បឿនធម្មតា ដើម្បីលើកជាយោបល់គ្រប់ជ្រុងជ្រោយជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច»។  

ស្របជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបាននិងកំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងស្ដីពីការធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុដែលមានស្រាប់ និងខ្សែផ្លូវរថភ្លើងថ្មីប៉ោយប៉ែត-សៀមរាប-ភ្នំពេញ និងភ្នំពេញ-បាវិត ដើម្បីប្រែក្លាយឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា។ មួយវិញទៀត ក្រសួងក៏កំពុងសហការជាមួយផ្លូវដែករដ្ឋថៃ (State Railway of Thailand) ដំណើរការដឹកដែករ៉ៃ កំណល់បេតុង និងក្រចាប់ ចំនួន ១៤០គ.ម គិតជាទម្ងន់មានចំនួន ៤០ ២៣៩តោន ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត