
រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ប្រតិភូវិនិយោគបារាំងថា កម្ពុជាអនុញ្ញាតឱ្យធ្វើការវិនិយោគ១០០ភាគរយ សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ។ ការជម្រាបជូននេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា និងបារាំង ជជែកពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលមានសក្តានុពលសម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ...។

នាឱកាសនោះ ឯកឧត្តម អូលីវីយេ បេស រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានជម្រាបជូនសម្ដេចតេជោថា ប្រតិភូបារាំងសម្រេចធ្វើការជាមួយកម្ពុជា ស្វែងរកការវិនិយោគលើវិស័យ រថភ្លើងល្បឿនលឿន ការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោកផ្លូវអាកាស សំណង់ ថាមពល និងវិស័យដទៃទៀត និងសុំស្វែងយល់ពីសម្ដេចតេជោ អំពីវិស័យវិនិយោគជាអាទិភាពរបស់កម្ពុជា។ ឯកឧត្តម បន្ថែមថា ប្រតិភូទាំងអស់មានជំនឿលើការវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង ដោយហេតុថា កម្ពុជាបានចាប់ផ្ដើមពីចំណុចសូន្យ ហើយបានជំរុញកំណើនសេដ្ឋកិច្ចរយៈពេល២០ឆ្នាំចុងក្រោយនេះឱ្យឈានឡើង។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានកត់សម្គាល់ឃើញថា កម្ពុជាបន្តធ្វើកំណែទម្រង់ បង្កបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ហើយកម្ពុជាកំពុងមានអ្នកមានចំណូលមធ្យមច្រើន។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូវិនិយោគបារាំងដែរថា កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាតប្រមាណ៦២ភាគរយ និងកំពុងតែទាក់ទាញវិនិយោគមកបន្ថែមទៀត ប៉ុន្តែមិនអនុម័តឱ្យបង្កើតរោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គឡើយ។ កម្ពុជាក៏កំពុងតែលើកទឹកចិត្តឱ្យមានការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យផងដែរ។ បន្ថែមលើនេះ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូបារាំងផងដែរ អំពីការជំរុញឱ្យមានការវិនិយោគ លើឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឱ្យមានការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ ដែលកម្ពុជាមានវត្ថុធាតុដើម ដូចជាស្វាយចន្ទី កៅស៊ូ ដំឡូង ស្រូវជាដើម សម្រាប់ធ្វើការកែច្នៃមិនត្រឹមតែទៅកាន់ទីផ្សារកម្ពុជាទេ ប៉ុន្តែទៅកាន់ទីផ្សារដទៃទៀត ដែលជាដៃគូរបស់កម្ពុជាទៀតផង៕





