
សៀមរាប៖ ក្រៅពីមានមោទកភាពចំពោះសមិទ្ធផលនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ៣៨ខ្សែ និងការស្តារនិងកែលម្អដងស្ទឹងសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានលើកឡើងថា កម្ពុជាក៏កំពុងតែគិតគូរអំពីការកែលម្អផ្លូវដែកដែលហួសសម័យមកជាផ្លូវដែកល្បឿនលឿនវិញ។ ទន្ទឹមនេះកម្ពុជាក៏កំពុងតែសិក្សាអំពីការកសាងផ្លូវតភ្ជាប់ពីខេត្តសៀមរាប ទៅខេត្តបាត់ដំបងផងដែរ។

ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ៣៨ខ្សែ និងការស្តារ និងកែលម្អដងស្ទឹងសៀមរាបនាព្រឹកថ្ងៃទី៤ ខែមេសា សម្តេចតេជោបានថ្លែងថា ទោះបីកម្ពុជាមានផ្លូវដែកច្រើន តែសុទ្ធសឹងតែជាផ្លូវដែកហួសសម័យដែលធ្វើដំណើរត្រឹមតែ២០ទៅ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
ដើម្បីសម្រួលដល់ការដឹកជញ្ជូនឲ្យបានទាន់ពេលវេលា សម្តេចថាគ្រោងនឹងរៀបចំធ្វើជាផ្លូវរថភ្លើងល្បឿនលឿនលើផ្លូវរថភ្លើងចាស់ដែលកម្ពុជាមានកន្លងមក។ ជាមួយគ្នានេះកម្ពុជានឹងរៀបចំបន្ថែមទៀតនូវខ្សែផ្លូវរថភ្លើងសម្រាប់ដឹកជញ្ជូននៅក្នុងប្រទេស និងតភ្ជាប់ជាមួយនឹងប្រទេសជិតខាង ខណៈបច្ចុប្បន្នកម្ពុជាមានខ្សែផ្លូវរថភ្លើងពីប៉ោយប៉ែត ទៅទីក្រុងភ្នំពេញ និងពីទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុ។

ដើម្បីសម្រេចនូវគម្រោងនេះ សម្តេចតេជោបានប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ស្វែងរកដៃគូដើម្បីពិភាក្សាលើគម្រោងនេះ។ សម្តេចបានមានប្រសាសន៍ដូច្នេះថា«ប្រសិនជាទុកផ្លូវដែកនេះឲ្យដំណើរគគ្រឹកបែបនេះ គឺវាទៅមិនរួច តាមមិនទាន់សភាពការណ៍ទេ»។
បន្ថែមពីគម្រោងសាងសង់ផ្លូវដែក កម្ពុជាក៏កំពុងតែសិក្សាអំពីការកសាងផ្លូវតភ្ជាប់ពីខេត្តសៀមរាបទៅខេត្តបាត់ដំបង ដោយឆ្លងកាត់ទន្លេសាប តភ្ជាប់ពីខេត្តសៀមរាប សសរស្តម្ភ ទៅខេត្តបាត់ដំបង ត្រង់តំបន់អូរតាគីប្រវែងសរុប៧០គីឡូម៉ែត្រ។ សម្តេចបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានៅមានកិច្ចការជាច្រើនសម្រាប់បម្រើតម្រូវការដល់ប្រជាពលរដ្ឋ៕
សូមអញ្ជើញប្រិយមិត្តស្តាប់ប្រសាសន៍សម្តេចតេជោនៅខាងក្រោមនេះ៖






