ខេត្តតាកែវ៖ ដូនចាស់វ័យ៨៥ឆ្នាំម្នាក់រស់នៅភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះផ្តល់ក្ដីអាណិតអាសូរជាពន់ពេក ព្រោះមានវ័យជរាទៅហើយ គ្មានកូនចៅមើលថែ និងរស់ដោយភាពអត្តខាត់ជាទីបំផុត...។

ថ្លែងប្រាប់ SBM News កាលពីថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដូនចាស់ឈ្មោះ ធុក ឯម បានរៀបរាប់ទាំងទឹកភ្នែកថា លោកយាយមានស្វាមីឈ្មោះ ឃុយ (ស្លាប់) មានកូន២នាក់ប្រុស១ស្រី១។ កូនប្រុសមានប្រពន្ធកូនរស់នៅក្នុងភូមិនេះដែរ ប៉ុន្តែគេមិនសូវអើតឈ្ងោគមើលលោកយាយទេ គេគិតតែគ្រួសារគេប៉ុណ្ណោះ។ ចំណែកកូនស្រីក៏មេម៉ាយ និងមានកូនស្រីម្នាក់អាយុ៦ឆ្នាំបច្ចុប្បន្នរស់នៅជាមួយនឹងលោកយាយក្រោយម្តាយនាងឈឺស្លាប់ចោលតាំងពីនៅតូចៗម៉្លេះ។

លោកយាយបន្តថា កាលកូនស្រីនៅរស់នាងទៅធ្វើការរោងចក្របានប្រាក់មកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ទោះហូបមិនគ្រប់គ្រាន់តែមិនពិបាកដើរសុំទានគេទេ តែក្រោយពីនាងស្លាប់ទៅ លោកយាយគ្មានទីពំនឹងពឹងពាក់ទេ ឯចៅស្រីក៏នៅតូចមិនដឹងអ្វីឡើយ និយាយមិនដឹងខុសត្រូវទេ ព្រោះមិនបានទៅសិក្សារៀនសូត្រនឹងគេឡើយ។ ដោយគ្មានមុខរបរ និងខ្លួនកាន់តែចាស់ជរាមិនអាចធ្វើអ្វីរកប្រាក់បាន លោកយាយមិនអាចធ្វើអ្វីបាន ក្រៅតែពីការដើរសុំទានគេចិញ្ចឹមជីវិតជាមួយចៅស្រីប៉ុណ្ណោះ។ មានពេលខ្លះសុំគេបាន ពេលខ្លះក៏អត់ បានញាតិជិតខាងជួយហុចបានសម្លឱ្យគ្រាន់នឹងរស់កំដរដល់ថ្ងៃស្លាប់។ លោកយាយ ធុក ឯម ពោលជាមួយនឹងដំណក់ទឹកភ្នែកថា ដោយមើលឃើញផ្ទះលោកយាយទ្រុឌទ្រោមពេក អង្គការមួយបានមកជួយធ្វើផ្ទះមួយខ្នងឱ្យលោកយាយ និងចៅបានជ្រកកុំឱ្យទទឹកភ្លៀង ខណៈផ្ទះចាស់រកកលនឹងរលំម្ដងៗទៅហើយ។ ទាំងអង្គការ និងអាជ្ញាធរដែនដីធ្លាប់បានផ្តល់អង្ករ គ្រឿងឧបភោគបរិភោគមួយចំនួន គ្រាន់បាននឹងដោះទាល់មួយពេលៗដែរ តែមិនញឹកញាប់ទេ ទើបលោកយាយមានការខ្វះខាតបែបនេះ។

ចំណែក លោកយាយរស់ យន អាយុ ៧៦ និងនាងង៉ែត នេម អាយុ ៣៨ ជាអ្នកក្បែរខាង បានឱ្យដឹងស្របគ្នាថា លោកយាយ ធុក ឯម នេះពិតជាកម្សត់ណាស់ គាត់រស់នៅរាល់ថ្ងៃបានញាតិជិតខាងជួយឧបត្ថម្ភបាយសម្លដល់គាត់ស្ទើរជារៀងរាល់ថ្ងៃ ដើម្បីបានរស់នៅមកដល់ថ្ងៃនេះ។ ចាប់តាំងពីកូនស្រីគាត់ស្លាប់ គឺរយៈពេល៥ឆ្នាំនេះ គាត់រស់នៅលំបាកវេទនាណាស់ គ្មានអាហារហូបចុកគ្រប់គ្រាន់ទេ រស់ពឹងលើគេឱ្យប៉ុណ្ណោះ ព្រោះអាយុគាត់ជរាទៅហើយ។ ចំណែកអាជ្ញាធរភូមិឃុំ ក៏ធ្លាប់ជួយគាត់ដែរ តែមិនដិតដល់ទេ ព្រោះការជួយរបស់គេក៏មានកំណត់ដែរ។

ដោយឡែក លោក នូ រឿន មេភូមិម្រុំ បានឱ្យដឹងថា ដូចចាស់ខាងលើពិតជាកម្សត់ទុរគតមែនហើយ មានកូនដូចអត់កូនទេ។ កូនប្រុសម្នាក់ដែលនៅរស់នៅខាងចុងភូមិ មិនដែលបានជួយអ្វីដល់ម្តាយឡើយ ពោលគឺមានតែមកយកថែម ពេលខាងអាជ្ញាធរភូមិឃុំយកអំណោយទៅជូនលោកយាយ គឺកូនប្រុសនោះបានមកយកទៅផ្ទះរបស់ខ្លួនអស់ ហើយសូម្បីតែប្លង់ផ្ទះលោកយាយដែលលោក និងអាជ្ញាធរឃុំធ្វើឱ្យហើយនេះក៏មិនហ៊ានប្រគល់ឱ្យលោកយាយដែរ ព្រោះខ្លាចកូនប្រុសនោះមកល្បួងយកទៅលក់អស់ គាត់គ្មានអីនៅទេ។ កន្លងមកលោក បានជួយទំនុកបម្រុងដូចចាស់ខាងលើនេះដែរ តែទប់មិនឈ្នះទេ ព្រោះអំណោយទាំងនោះ ត្រូវបានហ៊ាចេញទៅកូនៗ ទើបលោកចាត់ឱ្យគាត់ទៅយកនៅហាងលក់អង្កវិញ ដោយផ្ញើទុកនៅទីនោះ ពេលគាត់ខ្វះ គឺអាចទៅយកបាន តែដូចគាត់ថាអ៊ីចឹង វាមិនគ្រប់គ្រាន់ទេ ដូច្នេះ ក្នុងនាមលោកជាមេភូមិ និងប្រជាពលរដ្ឋសូមអំពាវនាវដល់សប្បុរសជន សូមបរិច្ចាគតាមសទ្ធាជ្រះថ្លាជួយដល់ចាស់ខាងលើនេះផង...៕



