រដ្ឋមន្ត្រីក្រសួងសាធារណការស្នើសុំចិនជួយកសាងស្ពាននៅចាក់អង្រែក្រោម​ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍​
SoKeng
09 កុម្ភៈ 2022 07:00 AM

ភ្នំពេញ៖ ថ្លែងចេញពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នាព្រឹកថ្ងៃទី៩​ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងសាធាណការ និងដឹកជញ្ជូនបានស្នើសុំថវិកាពីចិនដើម្បីកសាងស្ពាននៅចាក់អង្រែក្រោម រួមទាំងជួសជុលផ្លូវជាតិលេខ៣កំពត-វាលរេញប្រវែង២០គីឡូម៉ែត្រដែលកំពុងតែរងការខូចខាត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងនៅមុខសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថា ជារៀងរាល់ថ្ងៃផ្លូវនៅចាក់អង្រែក្រោមនេះកំពុងតែមមាញឹក ដែលបង្កជាការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។​

«ខ្ញុំបាទ បានពិភាក្សាគ្នាជាមួយនឹងឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ដើម្បីធ្វើលិខិតស្នើសុំទៅសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដើម្បីស្នើសុំថវិកាបន្ទាន់ពីមិត្តចិនដើម្បីមកកសាងស្ពាននៅចាក់អង្រែក្រាម។ យើងបានបញ្ជូនឯកសារហ្នឹងទៅហើយគឺជាអាទិភាពសម្រាប់ឆ្នាំ២០២២ »នេះជាការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងសាធារណការ។​

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋ មន្ត្រីក្រសួងសាធាណការ និងដឹកជញ្ជូន
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋ មន្ត្រីក្រសួងសាធាណការ និងដឹកជញ្ជូន

ជាមួយគ្នានេះថវិកាដែលកម្ពុជាស្នើសុំពីចិន ក៏នឹងបែងចែកយកទៅជួសជុលផ្លូវជាតិលេខ៣ កំពត-វាលរេញ រួមទាំងផ្លូវមួយចំនួនទៀតផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានប្រាប់ថា៖«ផ្លូវនេះប្រជាពលរដ្ឋតែងតែលើកថា ២០គីឡូម៉ែត្រនេះគឺមានការខូចខាតច្រើន។ យើងមិនបានជួសជុលតាមបែបបច្ចេកទេសទេ គឺយើងធ្វើទៅតាមចំនួនថវិកាដែលយើងមាន។ ដូច្នឹងយើងបានសិក្សាឲ្យលម្អិតដើម្បីធ្វើផ្លូវនេះឲ្យបានរឹងមាំ យូរអង្វែង។ យើងជួសជុលប្រើជាបណ្តោះអាសន្នសិន ទម្រាំយើងទទួលបានថវិកាពីមិត្តចិន យើងនឹងយកមកស្តារផ្លូវលេខ៣វាលរេញ២០គីឡូម៉ែត្រឲ្យបានត្រឹមត្រូវតាមបច្ចេកទេស»

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា កន្លងមកក្រសួងបានទទួលការរាយការណ៍ពីពលរដ្ឋទាក់ទងនឹងផ្លូវសំបុកមាន់តាមរយៈ​កម្មវិធីទូរសព្ទដៃ Road Care Mobile App បានចំនួន១៣៤៣កន្លែង ក្នុងនោះក្រសួងបានជួសជុល និងដោះស្រាយចំនួន៧១៩កន្លែង ឬស្មើនឹង៥៣ភាគរយ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ព្រះសីហនុនឹងដាក់ឲ្យដំណើរការជាបណ្តោះអាសន្ននៅខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ហើយនឹងបើកដំណើរការជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២២។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត