ជីដូនវ័យ៩៣ឆ្នាំ អះអាងម្ដងទៀតលើបំណងស្វែងរកការដោះស្រាយរឿងដីធ្លី មិនមែនត្រូវកូនចៅបោះបង់ចោលនោះទេ
អុន សម្ផស្ស
09 កុម្ភៈ 2023 11:00 AM

(ខេត្តព្រះសីហនុ)៖ រកឃើញដើមហេតុជីដូនវ័យ៩៣ឆ្នាំមួយរូប​ មានផ្ទះនៅម្តុំឈូកវ៉ា រាជធានីភ្នំពេញ​ ធ្វើដំណើរមកដល់ខេត្តព្រះសីហនុតាមរថយន្តឈ្នួល កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ការពិតលោកយាយមានបំណងស្វែងរកដំណោះស្រាយវិវាទរឿងដីធ្លីក្នុងក្រុមគ្រួសារពីមុន ពោលគឺមិនមែនវង្វេងផ្ទះ ឬត្រូវកូនចៅបោះបង់ចោលនោះឡើយ...។

នេះបើយោងតាមការបញ្ជាក់របស់លោកយាយ នាវេលាថ្ងៃត្រង់ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះជួបសួរសុខទុក្ខ និងនាំយកថវិកា ម្ហូបអាហារមួយចំនួនទៅជូនគាត់ ដែលកំពុងស្នាក់នៅ និងស្ថិតក្រោមការមើលថែបណ្តោះអាសន្ន ពីអាជ្ញារធខេត្ត នៅបុរីកុមារកំព្រាខេត្តព្រះសីហនុ។ ជាមួយគ្នានោះ តាមរយៈការសម្របសម្រួលពីឯកឧត្តមអភិបាលខេត្ត ជីដូនរូបនេះ បានយល់ព្រមត្រឡប់ទៅផ្ទះវិញហើយ ដោយរដ្ឋបាលខេត្តនឹងចាត់ចែងមន្ត្រីរៀបចំដឹកជញ្ជូនលោកយាយត្រឡប់ទៅផ្ទះនៅឯរាជធានីភ្នំពេញវិញ។ ចំណែករឿងវិវាទផ្ទាល់ខ្លួនរបស់លោកយាយពាក់ព័ន្ធរឿងដីធ្លីយ៉ាងណានោះ នឹងបន្តដោះស្រាយតាមក្រោយ ដោយផ្អែកលើនីតិវិធីច្បាប់៕ រាយការណ៍ដោយ៖ សោម ភក្ត្រា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត