នគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចប្រអប់អគ្គិសនីរបស់រដ្ឋ
យិត​​ ស្រីល័ក្ខ
01 កុម្ភៈ 2023 11:00 AM

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ​ បានធ្វើការបង្ក្រាបក្រុមចោរលួចប្រអប់អគ្គិសនីរបស់រដ្ឋ(ត្រង់ស្វ័រ) ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ខណៈដែលពេលពួកគេកំពុងធ្វើសកម្មភាព…។

លោកឧត្តម​សេនីយ៌ទោ ជួន ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃទី១​ ខែកុម្ភៈ ​ឆ្នាំ២០២៣ នេះថា ជនសង្ស័យទាំងអស់នេះ ត្រូវនគរបាលមូលដ្ឋានឃាត់ខ្លួនបានរួមជាមួយទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន ពេលដែលកំពុងធ្វើសកម្មភាព កាលពីវេលាម៉ោងជាង​ ១យប់រំលងអាធ្រាត្រចូលថ្ងៃទី០១ ខែកម្ភៈ ឆ្នាំ២០២៣ នៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យដែលឃាត់ខ្លួនបានទាំង០៣នាក់រួមមាន៖ ទី១.ឈ្មោះ សុខ រ៉េត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី​២.ឈ្មោះ សុខ ចាន់ធី ភេទប្រុស  អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៣.ឈ្មោះ សុខ ចាន់ធឿន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលមានទីលំនៅបច្ចុប្បន្ន ក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។ ចំពោះវត្ថុតាងដកហូតបាន រួមមាន៖ ​ត្រង់ស្វ័រអគ្គិសនី ពូថៅ កាំបិត ពិល និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ជនសង្ស័យខាងលើ សម្ថតកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត