
រាជធានីភ្នំពេញ៖ បច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថលនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ខណៈស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងពលរដ្ឋកំពុងទាញយកនូវប្រយោជន៍សម្រាប់ជំរុញសន្ទុះសេដ្ឋកិច្ច ពាណិជ្ជកម្ម ការកម្សាន្ត និងទំនាក់ទំនងជាដើម ប៉ុន្តែទន្ទឹមនឹងនោះ បច្ចេកវិទ្យាក៏បានជះឥទ្ធិពលអាក្រក់មួយចំនួនធំដល់អ្នកប្រើប្រាស់ផងដែរ។
នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះ នាយករដ្ឋាព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអះអាងថា៖ « ភាពអវិជ្ជមាននៃបច្ចេកវិទ្យាឌីជីថល ក៏កំពុងកើតមានឡើងនៅពេលដំណាលគ្នា ពោលគឺជនខិលខូច ឧក្រិដ្ឋជន ឬភេរវករបច្ចេកវិទ្យា បានស្វែងរកចន្លោះខ្វះខាត ឬប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើស ឬភេរវកម្មជាដើម»។

ដើម្បីធានាបាននូវសុខមាលភាពសង្គម និងការពារពីការវាយប្រហារ ឬជ្រៀតចូលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពីសំណាក់ជនខិលខូច ឧក្រិដ្ឋជន ឬភេរវករបច្ចេកវិទ្យា និងប្រើប្រាស់ប្រព័ន្ធទាំងនេះបង្កនូវផលប៉ះពាល់ ឬមហន្តរាយដល់សន្តិសុខសាធារណៈ នាយករដ្ឋាព័ត៌មានវិទ្យាបានណែនាំស្ថាប័នជំនាញ គួរសិក្សារៀបចំនូវយន្តការគ្រឹះចំនួន០៥ ដូចខាងក្រោម៖
១- កសាង និងធ្វើបច្ចុប្បន្នភាពច្បាប់បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ (Cybersecurity Law), ២- កសាង និងធ្វើបច្ចុប្បន្នភាពច្បាប់បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Cybercrime Law), ៣- អង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ត្រូវបង្កើតនូវយន្តការអភិបាលកិច្ចបច្ចេកវិទ្យា (Operation & Information Security Governance), ៤- កសាងនូវយន្តការត្រួតពិនិត្យ តាមដាន វាយតម្លៃ និងកែលម្អ លើការអនុវត្តស្តីពីច្បាប់បទដ្ឋានគតិយុត្ត ពីសំណាក់បណ្តាអង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (Monitoring, Evaluating, and Improving) និង៥- កសាងនូវយន្តការផ្សព្វផ្សាយអប់រំ ជំរុញការចូលរួម និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ (Collaboration & Awareness)។

គួរបញ្ជាក់ផងដែរថា ក្នុងបច្ចេកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (Critical Infrastructure) គឺជាគោលដៅយ៉ាងសំខាន់ ដែលត្រូវគាំពារក្នុងកម្រិតយន្តការថ្នាក់ជាតិ ដើម្បីធានាបាននូវសន្តិសុខសាធារណៈ ដែលរាប់បញ្ចូលទាំងលើផ្នែកហិរញ្ញវត្ថុ សុខមាលភាព សុវត្ថិភាព និងអាយុជីវិតផងដែរ។
ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទាំង១៤ រួមមាន៖ កសិកម្ម និងចំណីអាហារ, ថាមពល, ទឹកស្អាត, សុខាភិបាល, ឧស្សាហកម្មគីមី និងសម្ភារៈដែលបង្កនូវគ្រោះថ្នាក់, ឧស្សាហកម្មការពារជាតិ, គ្រឿងបរិក្ខាររបស់រដ្ឋាភិបាល, សម្ភារៈ និងកាកសំណល់, ទូរគមនាគមន៍, ធនាគារ និងហិរញ្ញវត្ថុ, សេវាសង្គ្រោះបន្ទាន់, ប្រព័ន្ធព័ត៌មានវិទ្យា, ការដឹកជញ្ជូន និងទំនប់ទឹក ឬទំនប់វារីអគ្គីសនី៕



