
(រាជធានីភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តបើកប្រាក់បៀវត្សតាមប្រព័ន្ធឌីជីថល ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដដែល ដោយមិនត្រឡប់ទៅបើកប្រាក់បៀវត្សជាសាច់ប្រាក់វិញនោះទេ។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។

ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងក្រោយមានក្តីកង្វល់ពីសំណាក់មន្រ្តីរាជការ បន្ទាប់ពីឯកឧត្ដម សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានស្នើសុំទៅកាន់នាយករដ្ឋមន្ត្រី ឱ្យបើកប្រាក់បៀវត្សជាសាច់ប្រាក់តាមគោលការណ៍ចាស់ដូចកាលពីដើមវិញ។ ប៉ុន្តែជាក់ស្ដែងសម្ដេចមិនយល់ស្របនឹងសំណើនេះទេ ដោយសម្តេចណែនាំឱ្យលោកបណ្ឌិត សុខ ទូច គ្រប់គ្រងមន្ត្រីរាជការ និងបុគ្គលិក នៃរាជបណ្ឌិត្យសភាកម្ពុជាខ្លួនឯងឱ្យបានទៅ រីឯរាជរដ្ឋាភិបាលកម្ពុជា គឺនៅតែបន្តបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារដដែល។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា៖ «បងប្អូនមានការបារម្ភថា ក្រែងលោខ្ញុំស្ដាប់ សុខ ទូច! ខ្ញុំសូមជម្រាបថា ខ្ញុំក៏ជាអ្នកវិទ្យាសាស្រ្ដដឹកនាំ ហើយក៏អាចចាត់ទុកថាជាអ្នកដឹកនាំដែលយូរជាងគេ និងគ្រប់ហេតុការណ៍ គ្រប់កាលៈទេសៈគ្មានកន្លែងណាដែលមិនមានបាត់ដៃ ហ៊ុន សែន នៅក្នុងទីនោះ ក្នុងរយៈពេលជិត ៤៤ឆ្នាំទេ»។

យ៉ាងណាមិញ សម្ដេច ហ៊ុន សែន មិនយល់ស្របនឹងការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច ព្រោះសម្ដេចថាសម័យនេះជាសម័យឌីជីថល ហើយដែលការបើកប្រាក់បៀវត្ស ត្រូវធ្វើឡើងតាមប្រព័ន្ធធនាគារ។ «ខ្ញុំអត់ធ្វើតាមសុខ ទូច ទេ សម័យនេះ សម័យឌីជីថល សម័យបើកលុយតាមធនាគារ»។ នេះជាឆ្លើយតបរបស់សម្តេច។
គួររំលឹកផងដែរថា ក្រសួងមុខងារសាធារណៈ បានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ នូវអត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី(Smart Card) សម្រាប់មន្រ្តីថ្នាក់ជាតិជាង៤ម៉ឺននាក់ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះដែរ បានគូសបញ្ជាក់សាជាថ្មីម្ដងទៀត ពីវឌ្ឍនភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងការ អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ ក្រោមមគ្គុទ្ទេសក៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕



