
រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗនេះ គួរជ្រើសរើសជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល...។

ពិតណាស់ ការជ្រើសរើសជំនាញនៅថ្នាក់ឧត្តមសិក្សាពិតជាសំខាន់ណាស់ ហើយវាទាមទារឱ្យសិស្សានុសិស្សត្រូវធ្វើការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់ ព្រោះការសម្រេចចិត្តមួយដែលមានឥទ្ធិពលលើអនាគតការងាររបស់ខ្លួន។ តាមការសិក្សាស្រាវជ្រាវមានហេតុផលជាច្រើន ក្នុងនោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកយកហេតុផលសំខាន់ៗចំនួន៥ ដែលជំរុញឱ្យនិស្សិតជ្រើសរើសសិក្សាជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល ដូចខាងក្រោម៖ ទី១.ទទួលបានប្រាក់បៀវត្សខ្ពស់ និងទីផ្សារការងារមានតម្រូវការច្រើន៖ បច្ចេកវិទ្យាឌីជីថល បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយគ្រប់ស្ថាប័ន និងក្រុមហ៊ុនទាំងអស់ពិតជាត្រូវការអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការងារឱ្យកាន់តែមានប្រសិទ្ធភាព។

បច្ចុប្បន្ន និស្សិតដែលបានបញ្ចប់ការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថលនៅមានចំនួនតិច ស្របពេលដែលតម្រូវការជំនាញនេះ មានកាន់តែច្រើនឡើង ដែលជាឱកាសល្អសម្រាប់ទទួលបានការងារធ្វើទាំងក្នុង និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ ដោយសារអ្នកជំនាញបច្ចេកវិទ្យាឌីជីថលមិនសូវមានច្រើននាំឱ្យក្រុមហ៊ុន និងស្ថាប័នមានការប្រកួតប្រជែងជ្រើសរើសយកមកបម្រើការងារ ដោយផ្តល់ប្រាក់បៀវត្សខ្ពស់ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដោយអាចប្រកបការងារជាអ្នកអភិវឌ្ឍ សុសវែរ Soft Wear អ្នកជំនាញសន្ដិសុខ សាយប័រ និងអ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាដើម។
ទី២.បើកអាជីវកម្មដោយខ្លួនឯង៖ នៅក្នុងប្រទេសយើងសព្វថ្ងៃ អ្នកប្រកបអាជីវកម្មលើវិស័យបច្ចេកវិទ្យាឌីជីថលនៅមានចំនួនតិច ដូច្នេះ អ្នកមានជំនាញផ្នែកនេះ អាចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយពីអ្នកជំនាញទៅជាម្ចាស់អាជីវកម្ម ឬអ្នកបង្កើតធុរកិច្ចថ្មីឌីជីថល (Startup) តាមរយៈការផ្ដល់សេវាកម្មថ្មី ប្លែក ហើយថែមទាំងងាយស្រួលចូលទីផ្សារផងដែរ។ បច្ចុប្បន្ននេះ ឱកាសអាជីវកម្មនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនៅមានច្រើន បើធៀបនឹងអាជីវកម្មប្រពៃណីដែលមានស្រាប់។

ទី៣.មានការផ្ដល់អាហារូបករណ៍ជាច្រើន៖ ដើម្បីរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅកម្ពុជា មានអាហារូបករណ៍ជាច្រើនផ្ដល់ជូនដល់សិស្សានុសិស្ស ដើម្បីបន្តចូលរៀនមហាវិទ្យាល័យលើជំនាញបច្ចេកវិទ្យាឌីជីថល។ ជាក់ស្តែង «កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)» តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្ដល់ជូនការសិក្សា ជំនាញបច្ចេកវិទ្យាឌីជីថល ដល់សិស្សឆ្នើមរហូតដល់៥០០កន្លែង ជារៀងរាល់ឆ្នាំ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដោយនិស្សិតអាហារូបករណ៍ម្នាក់ៗ ទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង ការរ៉ាប់រងលើថ្លៃសិក្សា ប្រាក់ឧបត្ថម្ភលើការស្នាក់នៅ និងហូបចុកសម្រាប់រយៈពេល៤ឆ្នាំ។

ទី៤.មុខវិជ្ជាមានប្រយោជន៍ និងគួរចាប់អារម្មណ៍ជាច្រើន៖ ការជ្រើសរើសជំនាញបច្ចេកវិទ្យាឌីជីថល គឺមានការបារម្ភថា មានមុខវិជ្ជាពិបាកក្នុងការសិក្សា។ ផ្ទុយទៅវិញមាននិស្សិតជាច្រើនក្រោយបានចូលរៀនជំនាញនេះ ពួកគេបានសម្តែងនូវការសប្បាយរីករាយ និងចាប់អារម្មណ៍ខ្លាំងលើមុខវិជ្ជាដែលពួកគេរៀន ដោយសារតែមុខវិជ្ជាភាគច្រើនផ្តល់នូវពុទ្ធិថ្មីៗ ដូចជាការដោះស្រាយបញ្ហា និងរបកគំហើញថ្មីៗមិនធ្លាប់មានជាដើម។ ហើយមុខវិជ្ជានីមួយៗសុទ្ធសឹងតែមានសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងការទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និងសង្គមឌីជីថលជាអតិបរមា។

៥.ចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឱ្យមានវឌ្ឍនភាពឈានឡើង៖ បច្ចេកវិទ្យាឌីជីថលបានដើតួរយ៉ាងសកម្មក្នុងការប្រែក្លាយ និងជំរុញសកម្មភាពពាណិជ្ជកម្ម ប្រតិបត្តិការធុរកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ការទទួលបានសេវាហិរញ្ញវត្ថុ និងសេវាកម្សាន្តជាច្រើនផ្សេងទៀត។ សមិទ្ធផលសំខាន់ដែលយើងបានប្រើប្រាស់សព្វថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ត្រូវអរគុណដល់គំនិតដ៏អស្ចារ្យរបស់និស្សិតបញ្ចប់ការសិក្សា ផ្នែកបច្ចេកវិទ្យាឌីជីថល ដែលពួកគាត់បានប្រើប្រាស់ចំណេះដឹងលើផ្នែកបច្ចេកទេសបង្កើតឧបករណ៍ និងកម្មវិធីជាច្រើនដែលជួយសម្រួលដល់ការរស់នៅ ការធ្វើការ និងការទំនាក់ទំនងប្រចាំថ្ងៃ។ ក្នុងន័យនេះ ក្រោយបញ្ចប់ការសិក្សា និស្សិតអាចប្រើប្រាស់ចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ឱ្យមានវឌ្ឍនភាពឈានឡើង ព្រមទាំងកសាងសង្គមស៊ីវីល័យស្របតាមនិន្នាការតំបន់ និងសកល។
គូសបញ្ជាក់ផងដែរថា ជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលមានដូចជា៖
·វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
·ទូរគមនាគមន៍និងបណ្តាញ (Telecoms and Networking)
·បច្ចេកវិទ្យាក្លោដ (Cloud Computing)
·ការអភិវឌ្ឍសុសវែរ (Software Development)
·វិទ្យាសាស្ត្រទិន្នន័យ (Data Science)
·សន្តិសុខសាយប័រ (Cybersecurity)
·បច្ចេកវិទ្យាប្លុកឆេន (Block Chain)
·បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)
·បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI)
·ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)៕



