
(សិល្បៈ)៖ ជាតារាសម្តែង និងជាពិធីការិនីដ៏មានប្រជាព្រិយភាពលំដាប់ប្រទេស អ្នកនាង ឌួង ហ្សូរីដា ត្រូវបានគេឃើញមានវត្តមាន ធ្វើជាពិធីការិនីនៅក្នុងកម្មវិធី «បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានបញ្ជប់ទៅដោយរលូន កាលពីរាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ម្សិលមិញ ដោយបានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើ បរវកញ្ញា «Philippines» ខណៈកម្ពុជាឈរនៅលំដាប់ថ្នាក់ទី៦...។

ក្រោយកម្មវិធីប្រកួតត្រូវបានបញ្ចប់ អ្នកនាង ឌួង ហ្សូរីដា បានឱ្យដឹងថា ការណ៍ដែលអ្នកនាងធ្វើជាពិធីការិនីក្នុងកម្មវិធីនេះ គឺមិនទទួលយកកម្រៃអ្វីនោះឡើយ ពោលគឺដើម្បីតបស្នងសងគុណ ដល់ប្រទេសកំណើត ក៏ដូចជាដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ប្រទេសកម្ពុជា និងចង់ឱ្យកូនខ្មែរ បានយល់ដឹងពីវប្បធម៌នៃការចែកលំលែក។

«អ្វីដែលខ្ញុំសប្បាយចិត្តនោះ គឺខ្ញុំបានធ្វើការងារតបស្នងសងគុណ ប្រទេសកំណើតរបស់ខ្ញុំវិញ ដោយយកបេះដូង និងការបរិច្ចាគពេលវេលា សំលៀកបំពាក់ផ្ទាល់ខ្លួន ដើម្បីចូលរួមផ្សព្វផ្សាយ វប្បធម៌ ទេសចរណ៍ និងបរិស្ថាន ពីប្រទេសកម្ពុជា ឱ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹង ពីវប្បធម៌នៃការចែករំលែកជួយគ្នា និងគាំទ្រនូវអ្វីជាស្នាដៃកូនខ្មែរ អ្នករៀបចំ និងបង្កើតឡើងពីកម្មវិធី Miss Planet International ដែលមានស្ថាបនឹក ជាអ្នកបង្កើតកម្មវិធីនេះ ជាជនជាតិខ្មែរ ផ្សព្វផ្សាយទៅកាន់ពិភពលោក»។ នេះជាការបញ្ជាក់របស់អ្នកនាង ឌួង ហ្សូរីដា..។

គួរបញ្ជាក់ដែរថា ការរៀបចំកម្មវិធី «បវរកញ្ញាឯកភពផែនដីអន្តរជាតិ ឆ្នាំ២០២៣» នេះឡើង គឺដើម្បីលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា និងនៅទូទាំងពិភពលោក ដែលជាឆ្អឹងខ្នងដ៏សំខាន់ មិនអាចខ្វះបាន។ ទន្ទឹមនឹងនេះ ការប្រកួតបវរកញ្ញាឯកភពផែនដីអន្តរជាតិ ឆ្នាំ២០២៣ នេះ ក៏ជាផ្នែកមួយ បានចូលរួមយ៉ាងសំខាន់ក្នុងការលើកស្ទួយ ផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងវិស័យបរិស្ថាននៅក្នុងកម្ពុជាផងដែរ៕





