លោក អ៊ុង ប៉េងអាន ចេញមុខសុំទោស ទទួលស្គាល់កំហុស ក្រោយយក «ស្គរសម្ភោរ» ទៅច្នៃប្រើដាក់កែវទឹកពីលើ
អុន សម្ផស្ស
27 មករា 2023 11:45 AM

(សិល្បៈ)៖ ក្រោយមហាជននៅលើបណ្តាញសង្គម បានធ្វើការរិះគន់ចំពោះការយកឧបករណ៍ភ្លេងបុរាណខ្មែរ ស្គរសម្ភោរ ទៅច្នៃប្រើដាក់កែវទឹក ពេលនេះ អ្នកបង្កើតមាតិកា ដែលជាស្ថាបនិកគេហទំព័រ «Think with PingAnn គិតជាមួយប៉េងអាន» បានចេញមកធ្វើការសុំទោស ទទួលស្គាល់កំហុសដោយអចេតណារបស់ខ្លួនហើយ...។

ក្រោយរងការរិះគន់ អ្នកបង្កើតមាតិការូបនេះ ក៏បានចេញវីដេអូសុំការអធ្យាស្រ័យចំពោះកំហុស យ៉ាងដូច្នេះថា «ខ្ញុំខុស ខ្ញុំទទួលកំហុស ហើយខ្ញុំរៀនពីកំហុស ដើម្បីឱ្យខ្លួនឯងប្រសើរជាងមុន។ អរគុណបងៗសិល្បករ ដែលបានផ្ញើសារមកអប់រំប្អូន។ ដោយការគោរព ស្រឡាញ់ពីខ្ញុំ» ។ លោកបន្តថា ក្រោយការមើលឃើញពីកំហុសរបស់ខ្លួន លោកបានលុបវីដេអូនោះ ហើយយកចំណុចខ្វះខាតទាំងនោះជាមេរៀន និងសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុន កុំឱ្យកើតមានកំហុសឆ្គងដូច្នេះតទៀត ។

គួរបញ្ជាក់ដែរថា បើយោងតាមឯកសារ វីគីភីឌា បានឱ្យដឹងថា សម្ភោរ គឺជាឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទ នៅក្នុងជំនឿរបស់គ្រូភ្លេងបុរាណ សម្ភោរ ត្រូវបានគេគោរពខ្លាំងណាស់ គេហៅថាគ្រូចង្វាក់ ឬមេចង្វាក់ ហើយពេលលេងភ្លេងម្ដងៗ សម្ភោរតែងនាំមុខគេជានិច្ច និងបើពេលមានកម្មវិធីសំពះគ្រូរបាំធំៗ សិស្សរបាំ គ្រូរបាំ តែងនាំគ្នាអុជធូបលើ សម្ភោរ ឬរៀបចំបាយសី ក្រាលក្រណាត់ស នៅពីមុខសម្ភោរជាដើម។ ពេលគ្រូៗភ្លេងលេងបទសាធុការ គឺគេវ៉ៃសម្ភោរនាំមុខមុនគេ ទើបគេចាប់ផ្ដើមលេងឧបករណ៍ផ្សេងៗតាមក្រោយ។

លោកស្រីសាស្ត្រាបណ្ឌិត ពៅ សាវរស ដែលបានធ្វើបឋកថា កាលពីខែកុម្ភៈ ឆ្នាំ១៩៩៤ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានមានប្រសាសន៍ថា តាមសិលាចារឹកខ្មែរ ចេះធ្វើគ្រឿងឧបករណ៍ភ្លេងតាំងពីសតវត្សរ៍ទី៦ គឺចេះធ្វើ ពិណ ចាប៉ី និងស្គរគ្រប់ប្រភេទ។ តាមការសន្និដ្ឋាន ស្គរសម្ភោរនេះមានមុនសតវត្សរ៍ទី៦ទៅទៀត ពីព្រោះជាស្គរ ដែលស្ថិតនៅក្នុងវង់ភ្លេងពិណពាទ្យ ជាវង់ភ្លេងបម្រើឱ្យព្រហ្មញ្ញសាសនា ដែលបាននាំចូលមកស្រុកខ្មែរដោយជនជាតិក្លឹង្គ តាំងពីសតវត្សរ៍ទី១ នៃគ្រឹស្តសករាជ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត