
(សិល្បៈ)៖ កំពូលតារាចម្រៀងរ៉េប លោក វណ្ណដា ដែលបានធ្វើឱ្យប្រទេសជិតខាងជាច្រើនស្គាល់ពីឧស្សាហកម្មតន្ត្រី នៅកម្ពុជា ក្នុងយុគសម័យថ្មី ព្រោះលោកតែងតែនាំយកវប្បធម៌អរិយធម៌ខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិ ឱ្យពិភពលោកបានដឹង និងទទួលស្គាល់ជាបន្តបន្ទាប់។ ពេលនេះកាត់តែអស្ចារ្យ ដោយលោកនឹងមានវត្តមាននៅលើឆាតន្រ្តីលំដាប់ពិភពលោក «ROLLING LOUD 2023» ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នេះ។

ទន្ទឹមនឹងនេះ ក្នុងបញ្ជីតារាចម្រៀងដែល នឹងសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ គេឃើញមានតារាចម្រៀងល្បីៗជាច្រើនលំដាប់ពិភពលោក Cardi B,Chris Brown,Travis Scott ដែលជាតួឯកសំខាន់នៅក្នុងកម្មវិធី ក្នុងនោះគេឃើញតារាចម្រៀងអាស៊ីជាច្រើន និងជាពិសេសគឺ កំពូលតារាចម្រៀងតែមួយគត់មកពីកម្ពុជា គឺ វណ្ណដា ថែមទាំងមានវត្តមានលើឆាកតែមួយជាមួយ Cardi B តារារ៉េបស្រីដ៏ល្បីល្បាញ ដែលនឹងត្រូវសម្តែងនៅថ្ងៃទី១៣ ខែមេសា។

Rolling Loud គឺជាមហោស្រពតន្ត្រី ហ៊ីប ហប អន្តរជាតិ ដែលធំជាងគេបំផុតនៅលើពិភពលោក ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ តែងតែធ្វើឡើងនៅតាមបណ្តាប្រទេសនានាដូចជា សហរដ្ឋអាម៉េរិក អូស្ត្រាលី កាណាដា ហូឡង់ រូម៉ានី អាល្លឺម៉ង់ ថៃ និងព័រទុយហ្គាល់ ជាដើម។
សូមរំលឹកថា កំពូលដារ៉ាចំរៀងរ៉េបលោក វណ្ណដា ធ្លាប់ចូលរួមសម្តែងលើឆាកអន្តរជាតិដូចជា ASEAN Music Showcase Festival 2022 នៅប្រទេស សិង្ហបុរី និងបានសម្តែងលើឆាក Big Mountain Music Festival នៅក្នុងប្រទេសថៃកាលពីចុងឆ្នាំ២០២២ ផងដែរ ៕





