
(ភ្នំពេញ)៖ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យកិច្ចការមន្ត្រីក្រោមឱវាក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលជាតំបន់ជាប់បឹងទន្លេសាប។

ថ្លែងក្នុងកិច្ចប្រជុំនៅសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម ជា សុផារ៉ា បានជំរុញឱ្យ ក្រុមការងារខេត្ត និងមន្ទីរជំនាញត្រូវពិនិត្យស្រាវជ្រាវវាស់វែង ស្រង់ទិន្នន័យគ្រួសារប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលជាក់ស្តែងក្នុងព្រៃលិចទឹកតំបន់២ក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម បានលើឡើងថា៖ ក្រុមការងារខេត្ត និងមន្ទីរជំនាញត្រូវពិនិត្យស្រាវជ្រាវវាស់វែង និងស្រង់ទិន្ធន័យគ្រួសារប្រជាពលរដ្ឋដែលបានតាំងលំនៅ និងអាស្រ័យផលជាក់ស្តែងក្នុងដែនព្រៃលិចទឹកនៅតំបន់២ មុនកែសម្រួលព្រំដីរដ្ឋ ក្នុងដែនព្រៃលិចទឹកតំបន់៣ និងតំបន់២ នេះ។ ក្នុងនោះដែនដីព្រៃលិចទឹកនៅតំបន់២ បញ្ចូនក្នុងតំបន់១ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ព្រៃលិចទឹកតំបន់៣ មានទំហំ ១២ ២៧៩ ១៨ហិកតា ក្នុងនោះស្រុកព្រះនេត្រព្រះមានផ្ទៃដីចំនួន ៩ ៨៦៧ ហិកតា គ្រប់ដណ្ដប់លើឃុំប្រាសាទ ចំនួន២ ភូមិមានផ្ទៃដីចំនួន ៤ ៩៩៤ ហិកតា និងភ្នំលៀបចំនួន៤ភូមិ មានផ្ទៃដីចំនួន ៤ ៨៧២ ហិកតា និងស្រុកមង្គលបូរីមានផ្ទៃដីចំនួន ២ ៤១២ ហិកតា គ្រប់ដណ្ដប់លើឃុំសំបួរចំនួន៥ភូមិ។
ឯកឧត្តមបានបន្តទៀតថា ក្រុមការងារចម្រុះបានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនក្រសួងធនធានទឹកនិងឧតុនិយមចំនួន១១ បណ្ណស្មើទំហំ១ ២២៧ ៩១៨ ហិកតា ក្នុងនោះមាន៦បណ្ណនៅស្រុកព្រះនេត្រព្រះ មានទំហំផ្ទៃដី៩ ៨៦៦ ៨៦ ហិកតា និង៥បណ្ណនៅស្រុកមង្គលបូរីដែលមានទំហំផ្ទៃដី២ ៤១២ ៣២ ហិកតា។ កែសម្រួលផ្ទៃទីទំហំ ៥ ៨១៦ ហិកតា ចេញពីតំបន់៣ បញ្ចូលទៅតំបន់២ ពាក់ព័ន្ធក្បាលដីចំនួន ២២បណ្ណនៅភូមិកាបៅ និងភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ប្រគល់ជូន២២គ្រួសារប្រើប្រាស់និងអាស្រ័យផល និងស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ មានផ្ទៃដីទំហំ ១ ៧៧៥ ៥០៥ហិកតា ហើយរដ្ឋបាលខេត្តសុំក្រសួងពិនិត្យ និងសម្រេច។
បន្ទាប់ពីបញ្ចប់កិច្ចការក្នុងខេត្តបន្ទាយមានជ័យរួចមក ឯកឧត្តឧបនាយករដ្ឋមន្ត្រី ក៏បានបន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យសំណើទីតាំងដីដែលរដ្ឋបាលខេត្តស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង៕ រាយការណ៍ការដោយ៖ លោក ឈុន មករា-លោក សុខ វិឆ័យ





