ក្រុមការងារអន្តរក្រសួង ចុះបោះ និងដាំបង្គោលព្រំដីព្រៃលិចទឹក បានជិត៤០០បង្គោល លើទីតាំងខេត្តទាំង​៦​ជុំវិញបឹងទន្លេសាប​
អាន ប៊ុនរ័ត្ននៈ
25 ធ្នូ 2021 03:21 AM

(រាជធានីភ្នំពេញ)៖ ថ្ងៃសៅរ៍ទី​២៥ ខែធ្នូ​ ឆ្នាំ​២០២១​ ក្រុមការងារអាជ្ញាធរទន្លេសាប​ និងមន្ទីរ​ធនធានទឹក​ និងឧតុនិយមខេត្តទាំង​៦​ ជុំវិញបឹងទន្លេសាប​ បានសហការ​ជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការស្រាវជ្រាវចំនួនបង្គោលនៅទីតាំង​ ដែលបានបាត់​ និងលិចក្នុងទឹក ក៏ដូចជាការបោះផ្ទាំងប៉ាណូផ្សព្វផ្សាយពីតំបន់គ្រប់គ្រងដោយរដ្ឋ [ក្នុងតំបន់៣] ដែលគិតមកដល់ថ្ងៃទី​២៣​ ខែធ្នូ​ ឆ្នាំ២០២១ សម្រេចបានការបោះបង្គោលព្រំតំបន់៣ ជិត៤០០បង្គោល​ និងលើកផ្ទាំងប៉ាណូ​ បានចំនួន២៨ទីតាំង…។ 

ក្រុមការងារអន្តរក្រសួង ​បានចុះពិនិត្យទីតាំងបង្គោលចំនួន​ ៦៧៤​ លើ​ ៨០២បង្គោល​​ ស្មើនឹង​៨៤%​នៃផែនការមេ(យោងអនុក្រឹត្យលេខ​១៩៧) ដែលដាក់ឱ្យចុះតាមដានពិនិត្យស្រាវជ្រាវលើទីតាំងជាក់ស្តែងនៃបណ្តាខេត្តទាំង៦ជុំវិញបឹងទន្លេសាប​។ ទន្ទឹមនោះ ក្រុមការងារ បានលាបថ្នាំ​លើក្បាលបង្គោល បាញ់ថ្នាំបញ្ជាក់ទីតាំង[តំបន់៣]នៅតាមបង្គោលនិមួយៗ លើក​តម្រង់បង្គោល​ និងដាំបង្គោលថ្មី​ បានចំនួន​ ៣៧៣​ ស្មើនឹង​ ៤៦,៥%​នៃបង្គោលសរុប​ផងដែរ។ ចំនួនបង្គោលដែលបានចុះពិនិត្យដល់ទីតាំងផ្ទាល់​ បានបាត់​ និងលិចក្នុងទឹកមានចំនួន៣០១បង្គោល​ ស្មើនឹង​ ៣៧,៥%​ នៃបង្គោលសរុប​។ ចំពោះបង្គោលទាំងនេះ​ ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរមូលដ្ឋានកំពុងដាំ​ជាបណ្តេីរៗហើយ​ រីឯបង្គោលមួយចំនួនទៀតនឹងបន្តដាំនៅពេលទឹកស្រក​។

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ ចេញផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម ដែលជាផ្នែកមួយនៃក្រុមការងារអន្តរក្រសួង បានឱ្យដឹងថា បង្គោលព្រំដែលក្រុមការងារ​កំពុងបន្តចុះត្រួតពិនិត្យបន្ថែម​មានចំនួន​១២៨បង្គោល​ ស្មើនឹង​១៦,០%​ នៃបង្គោលសរុប​។ ជាមួយគ្នានោះ ក្រុមការងារ បានលើកផ្ទាំងប៉ាណូ​សម្រេចបាន​ចំនួន​២៨ទីតាំង​ លើផែនការ​សរុបមានចំនួន៥២​ទីតាំង​ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត