អង្គការយូណេស្កូបានចុះបញ្ជីតំបន់អូដេសានៅអ៊ុយក្រែនជាបេតិកភណ្ឌពិភពលោកស្ថិតក្នុងគ្រោះថ្នាក់
N
Nary Vann
•
26 មករា 2023 08:30 PM

ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ UNESCO បានឱ្យដឹងកាលពីថ្ងៃពុធទី ២៤ ខែមករាថា ខ្លួនបានកំណត់មជ្ឈមណ្ឌលប្រវត្តិសាស្ត្រអូដេសា (Odesa) ដែលជាទីក្រុងកំពង់ផែយុទ្ធសាស្ត្រនៅលើឆ្នេរសមុទ្រខ្មៅរបស់អ៊ុយក្រែន ជាបេតិកភណ្ឌពិភពលោកនៅក្នុងតំបន់គ្រោះថ្នាក់។

ការចុះបញ្ជីមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនេះ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាការអង្គការយូណេស្កូនៅទីក្រុងប៉ារីស ត្រូវបានរៀបចំឡើងដើម្បីជួយការពារបេតិកភណ្ឌវប្បធម៌របស់ទីក្រុងអូដេសា ដែលស្ថិតក្រោមការគំរាមកំហែងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី និងអនុញ្ញាតឱ្យមានលទ្ធភាពទទួលបានជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសអន្តរជាតិ។

ទីក្រុងអូដេសា បានទទួលរងការទម្លាក់​គ្រាប់បែករបស់រុស្ស៊ី​ជាច្រើន​លើក ចាប់​តាំង​ពី​ការ​ឈ្លានពាន​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ២០២២។ នៅខែកក្កដាឆ្នាំ២០២២ ផ្នែកនៃដំបូលកញ្ចក់ដ៏ធំ និងបង្អួចនៃសារមន្ទីរវិចិត្រសិល្បៈអូដេសា ដែលត្រូវបានដាក់សម្ពោធនៅឆ្នាំ១៨៩៩ ត្រូវបានបំផ្លាញ។

ជុំវិញបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានកត់សម្គាល់ថា ការសម្រេចចិត្តនេះនឹងជួយក្រុងកៀវក្នុងការការពារទីក្រុងអូដេសា ហើយថា ប្រទេសរុស្ស៊ីមិនមានសមត្ថភាពក្នុងការការពារអ្វីនោះទេ ក្រៅពីបង្កអំពើភេរវកម្ម និងការវាយប្រហារ។ យ៉ាងណាមិញ រុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែនកាលពី ១១ ខែមុន បានបរិហារការចុះបញ្ជីនេះ ដោយលើកឡើងថា ការគំរាមកំហែងតែមួយគត់ចំពោះតំបន់អូដេសា គឺមកពីរបបជាតិនិយមនៅអ៊ុយក្រែន។

ទន្ទឹមគ្នានោះ អង្គការយូណេស្កូក៏បានចុះបញ្ជីព្រះរាជាណាចក្របុរាណសាបា (Saba) និងម៉ារីប (Marib) ក្នុងប្រទេសយេម៉ែន និងឧទ្យាន Rachid Karami International Fair-Tripoli ក្នុងប្រទេសលីបង់ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងតំបន់គ្រោះថ្នាក់ផងដែរ។

ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិបានចុះបញ្ជីតំបន់ទាំងពីរនេះ ជាតំបន់បេតិកភណ្ឌពិភពលោកស្ថិតក្នុងគ្រោះថ្នាក់ ក្រោមមួលហេតុទីមួយដោយសារតែជម្លោះដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីឆ្នាំ ២០១៤ និងទីពីរដោយសារតែស្ថានភាពគួរឱ្យព្រួយបារម្ភនៃការអភិរក្ស និងកង្វះធនធាននៅក្នុងប្រទេសលីបង់ ក្នុងការថែរក្សាទីតាំងនោះ។

យូណេស្កូបានឱ្យដឹងថា កន្លែងបុរាណវត្ថុចំនួនប្រាំពីរត្រូវបានបន្ថែមទៅបញ្ជីថ្មី រួមមានទីក្រុងបុរាណម៉ារីប ប្រាសាទបុរាណចំនួនពីរ និងបំណែកនៃទំនប់ទឹកបុរាណរបស់ទីក្រុង ដែលជាស្នាដៃនៃវិស្វកម្មធារាសាស្ត្របុរាណ ដែល​ត្រូវបានលើកឡើងនៅក្នុងគម្ពីរកូរ៉ាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត