ស៊ីហ្គេមនៅកម្ពុជា កីឡា​៣​ប្រភេទ​ ដែលជាអត្តសញ្ញាណ​ជាតិ ត្រូវបានដាក់បញ្ចូល
R
Rorn Phork
25 មករា 2023 02:00 PM

(ស៊ីហ្គេម)៖ ក្នុង​ចំណោម​​កីឡា​ប្រកួត​ប្រជែង​ដណ្តើម​មេដាយ​ជា​ផ្លូវ​ការ​ចំនួន​៣៨​ប្រភេទ គឺ​មាន​កីឡា​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា​ចំនួន​​៣ រួម​មាន៖ កីឡាគុនល្បុក្កតោ កីឡាគុន​ខ្មែរ និង​កីឡា​អុកចត្រង្គ។ កីឡាអត្តសញ្ញាណ​ជាតិ​ទាំង​៣​ប្រភេទ​នេះ​គឺ​ជាមរតក​​​ដូនតា​​របស់​ខ្មែរ​សុទ្ធ​សាធតាំង​ពី​រាប់​ពាន់​ឆ្នាំ​មក​ហើយ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ (CAMSOC) ​បាន​ឱ្យ​ដឹង​ថា «កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម យើង​មាន​ប្រភេទ​កីឡា​ជា​អត្តសញ្ញាណ​ជាតិ​របស់​យើង​គឺ​គុន​ខ្មែរ ល្បុក្កតោ និង​អុកចត្រង្គ។ ការងារ​នេះ​ត្រូវ​បាន​ក្រុម​ប្រឹក្សា (អាស៊ីអាគ្នេយ៍) ​ឯកភាពគ្នា និង​យល់​ព្រម​រួច​រាល់​ ក្នុង​ការ​ផ្តល់​ឱ្យបុព្វសិទ្ធិ​​ដល់​ម្ចាស់​ផ្ទះ​កម្ពុជា​​ក្នុង​ការ​រៀបចំ»

ប្រការ​នេះ​ពិត​ជា​គួរ​ទី​មោទនភាព​សម្រាប់​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​បាន​ប្រឹង​ប្រែង និង​តស៊ូ​ដាក់​បញ្ចូល​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ធំ​ប្រចាំ​តំបន់​អាស៊ាន។ ប្រទេស​អាស៊ាន​មួយ​ចំនួន​ដែល​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​កន្លង​មក​ក៏​បាន​ដាក់​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​ឱ្យ​ប្រកួត​ជា​ផ្លូវ​ការ​ដែរ​។

​សម្រាប់​ប្រភេទ​កីឡា​គុន​ខ្មែរ​មាន​​ប្រទេស​​មួយ​ចំនួន​​បាន​​យល់​ព្រម​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ចូល​រួម​ប្រកួត​គុន​ខ្មែរ​​​​គឺ វៀតណាម ឡាវ​ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ​បូក​រួម​ទាំង​ម្ចាស់​ផ្ទះ​កម្ពុជា​គឺ​មាន​៦​ប្រទេស​ដែល​​មាន​​អត្តពលិក​ចូល​រួម​ប្រកួត​គុន​ខ្មែរ​នៅ​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ ​នៅ​​ប្រទេស​កម្ពុជា។

លោក វ៉ា​ត់ ចំរើន បានឱ្យ​ដឹង​ទៀតថា កម្ពុជាក្នុងនាមអ្នក​រៀបចំ​ស៊ី​ហ្គេ​ម មិន​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​​​សម្រេច​ចិត្ត​ពីប្រទេ​ស​ថៃ​រឿង​មិន​ប​ញ្ចូ​ន​អត្ត​ពលិកម​ក​នោះ​ទេ ដោយ​នោះ​គឺជា​សិទ្ធិ​របស់​គេ ហើយ​កម្ពុជា​ក៏​នឹងត្រៀម​រៀបចំ​ការ​ប្រកួត​«​គុន​ខ្មែរ​»​ឱ្យ​ខាង​តែ​បានដែរ។ បន្ថែមពីលើ​នេះ លោក​អគ្គលេខាធិការ CAMSOC ក៏​បាន​បង្ហើប​ដែរ​ថា «ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ ២០២៥ ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ កម្ពុជា​ក៏​នឹង​មិន​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ការ​ប្រកួត «​មួយ​ថៃ​» ដូច​គ្នា»​។ ព្រឹត្តិការណ៍​កីឡា​​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​​ក្នុង​ប្រវត្តិ​សាស្ត្រ​ត្រូវ​បាន​សម្រេច​ដាក់​កីឡា​ចំនួន​៣៨​ប្រភេទ ស្មើ​នឹង​ ៦០៨​វិញ្ញាសា និង​​១​​ប្រភេទ​កីឡា​ទៀត​ជា​ការ​ប្រកួត​សម្តែង..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត