
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រកាសឱ្យដំណើរការក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់អេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨។

ក្រុមការងារមានតួនាទីភារកិច្ច សិក្សា និងរៀបចំគោលនយោបាយ, សិក្សា និងវិភាគលើស្ថានភាពបច្ចុប្បន្ននៃការឆ្លើយតបអេដស៍, សិក្សា និងវិភាគអំពីប្រព័ន្ធជាតិ ចំណុចខ្វះខាត លើកសំណើកែសម្រួល, សិក្សា និងវិភាគពីតួនាទីរបស់សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល សហគមន៍ប្រជាជនគន្លឹះ អ្នកផ្ទុកមេរោគអេដស៍ក្នុងការឆ្លើយតប និងលុបបំបាត់អេដស៍, សិក្សា និងវិភាគពីតម្រូវការ ហិរញ្ញវត្ថុ, ពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដៃគូអភិវឌ្ឍន៍ ដើម្បីប្រមូលធាតុចូលក្នុងការតាក់តែងគោលនយោបាយ, ពិនិត្យជាប្រចាំលើភាពចាំបាច់ នៃការកែលម្អគោលនយោបាយ, និងរាយការណ៍ជូនអាជ្ញាធរពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានលើកឡើងថា កម្ពុជាបានសម្រេចគោលដៅ៩៥-៩៥-៩៥ ទី២ និងទី៣ហើយ នៅតែគោលដៅទី១ប៉ុណ្ណោះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា ចំពោះគោលដៅ៩៥ទី១ ដែលយើងនៅមិនទាន់សម្រេចបាន ត្រូវបង្កើនកម្មវិធីបង្ការ និងវាយតម្លៃថាតើកម្មវិធីដែលកំពុងដំណើរការសមស្របនឹងសភាពការណ៍ជាក់ស្តែងហើយឬនៅ? តើកម្មវិធីបង្ការអាចធ្វើនវានុវត្តន៍យ៉ាងដូចម្តេចតាមយន្តការអ្វីខ្លះ? តើរយៈពេលអនុវត្តនៅពេលណា? តើត្រូវមានវិធីទាក់ទាញអ្វីខ្លះ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនគន្លឹះមកធ្វើតេស្តរកមេរោគអេដស៍? បន្ថែមពីនេះ ស្វែងរកអ្នកបាត់មុខជាង ១០ ០០០នាក់ ឱ្យមកធ្វើតេស្តរកមេរោគអេដស៍ និងទប់ស្កាត់កុំឱ្យអ្នកជំងឺបោះបង់ការព្យាបាល និងថែទាំ។

ចាប់ពីឆ្នាំ២០២៣-២០២៥ រាជរដ្ឋាភិបាលបានអនុម័តផ្តល់ថវិកាបន្ថែមចំនួន៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ការងារអេដស៍ នៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវិភាជន៍ថវិកាដល់ខេត្តចំនួន១៥ សម្រាប់ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ នៅមូលដ្ឋានផ្ទាល់៕


