មន្ត្រីជំនាញរកឃើញ បង្គាចាក់ចាហួយ ជិត២០០គីឡូក្រាម នៅត្រឡោកបែក
SBM News
20 មករា 2023 07:00 AM

រាជធានីភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) រកឃើញបង្គា១៨០ គីឡូក្រាម មានចាក់បញ្ចូលសារធាតុចាហួយ (សារធាតុCMC)។ ការរកឃើញនេះក្នុងពេលមន្រ្តីជំនាញចុះត្រួតពិនិត្យស្តង់លក់ផលិតផលសមុទ្រស្រស់ នៅម្តុំត្រឡោកបែក កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣...។

ទោះជាអគ្គនាយកដ្ឋាន ក.ប.ប មិនបញ្ជាក់ឈ្មោះហាងក្ដី តាមរូបភាពបញ្ជាក់ថា ហាងដែលមានឈ្មោះ សម្បត្តិ លីដា លក់គ្រឿងសមុទ្រគ្រប់ប្រភេទ ជាប់ពាក់ព័ន្ធការលក់បង្គាចាក់បញ្ចូលសារធាតុចាហួយខាងលើ។ តាមការបញ្ជាក់ពីអគ្គនាយកដ្ឋាន ក.ប.ប ឱ្យដឹងថា លទ្ធផលវិភាគបឋមដោយឧបករណ៍ ដែលបំពាក់លើរថយន្តពិសោធន៍ចល័តចំពោះគំរូផលិតផលបង្គាចំនួន៤០បានបង្ហាញថា ពុំមានសារធាតុគីមីហាមឃាត់ទេ។ ទោះយ៉ាងនេះក្ដី មន្រ្តីជំនាញបានយកគំរូផលិតផលទាំងនោះមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានបន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល ក៏បានរកឃើញបង្គាជិត២០០គីឡូក្រាម ត្រូវបានចាក់ចាហួយចូល។ មន្រ្តីជំនាញ បានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ រឹបអូសទំនិញទាំងនោះមកកម្ទេចចោលផងដែរ។

សូមជម្រាបថា សារធាតុ CMC (ចាហួយ) ជាសារធាតុដែលឈ្មួញ ខិលខូចមួយចំនួន តែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូលក្នុងផលិតផលបង្គាស្រស់ ដើម្បីបង្កើនទម្ងន់ ក្នុងគោលបំណងកឹបកេងផលប្រយោជន៍របស់អ្នកប្រើប្រាស់។ដើមឆ្នាំ២០២២ សមត្ថកិច្ចពាក់ព័ន្ធបានដកហូតបង្គាដែលមានចាក់បញ្ចូលសារធាតុចាហួយ (សារធាតុ CMC) ពីទីផ្សារ ពីមធ្យោបាយដឹកជញ្ជូន និងមាត់ច្រកព្រំដែន សរុបបានចំនួន ៧៧៩២គីឡូក្រាម យកមកកម្ទេចចោល ក្រោយមានការស្ទាក់ចាប់រថយន្តដឹកបង្គាជាច្រើនលើកក្នុងខែមករាដើមឆ្នាំ២០២២នោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត