
រាជធានីភ្នំពេញ៖ ក្នុងចំណោមដេប៉ូប្រេងឥន្ធនៈសរុបចំនួន ២៣ទីតាំង ដែលមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ចុះត្រួតពិនិត្យ មានដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំង មិនមានអនុលោមភាពនៅក្នុងអាជីវកម្ម។ នេះបើតាមការប្រកាសរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

ក.ប.ប. គូសបញ្ជាក់ថា មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ នាថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ២០២២ បានបន្តចុះត្រួតពិនិត្យអនុលោមភាពនៅតាមបណ្តាស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបចំនួន ២៣ទីតាំង ដែលស្ថិតក្នុងមូលដ្ឋានស្រុកបាកាន ស្រុកពោធិ៍រៀង ស្រុកពារាំង ស្រុកសំរោងទង ស្រុកឧត្តុង្គ ស្រុកបារាយ និងស្រុកកំពង់ថ្ម ហើយបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំង មិនមានអនុលោមភាពនៅក្នុងអាជីវកម្ម។ ដូច្នេះមន្ត្រី ក៏បានធ្វើការពិន័យអន្តរការណ៍ភ្លាមៗ និងបានឱ្យធ្វើកិច្ចសន្យាកែតម្រូវទៅតាមនីតិវិធី។

មន្ត្រីជាន់ខ្ពស់នៃ ក.ប.ប បានអះអាងថា ករណីដេប៉ូឬស្ថានីយលក់ប្រេងឥន្ធនៈ ប្រព្រឹត្តល្មើសលើកទី១ ត្រូវទទួលពិន័យជាអន្តរការណ៍ ហើយបើរកឃើញប្រព្រឹត្តកំហុសដដែលទៀតជាលើក២ នឹងត្រូវពិន័យទ្វេគុណ។ ហើយប្រសិនបើនៅតែបន្តប្រព្រឹត្តកំហុសជាច្រើនដងមិនរាងចាលពួកគេអាចនឹងត្រូវអនុវត្តទៅតាមផ្លូវតុលាការផងដែរ។

សូមជម្រាបថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ មន្រ្តីក.ប.ប. ចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ បានចំនួន១១៣០ទីតាំង រកឃើញដេប៉ូចំនួន ៣៨៧ ទីតាំង ដែលមិនមានអនុលោមភាព និងពិន័យទៅតាមនីតិវិធីលើម្ចាស់ដេប៉ូទាំងនោះ៕









