ផ្អាកជាបណ្ដោះអាសន្ន ឃ្លាំងស្ដុក និងចែកចាយទំនិញចំនួន២ទីតាំងនៅរាជធានីភ្នំពេញ
SBM News
18 មីនា 2022 01:00 PM

រាជធានីភ្នំពេញ៖ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. បានផ្អាកជាបណ្ដោះអាសន្ន ឃ្លាំងស្ដុក និងចែកចាយទំនិញចំនួន ២ទីតាំងក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបានរកឃើញទំនិញមួយចំនួន ក្នុងទីតាំងទាំងនេះ មិនមានអនុលោមភាព(មិនអនុវត្តតាមច្បាប់)។ នេះបើតាមការប្រកាសរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ 

អគ្គនាយកដ្ឋានក.ប.ប. បញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ សហការជាមួយក្រុមការងារចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញា និងដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងលោកអគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យលើឃ្លាំងស្ដុក លក់ និងចែកចាយទំនិញគ្រប់ប្រភេទចំនួន២កន្លែង ដើម្បីស្វែងរកភាពអនុលោមលើទំនិញ និងឯកសារគតិយុត្តិផ្សេងៗក្នុងវិស័យពាណិជ្ជកម្ម។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីទប់ស្កាត់ការធ្វើធុរកិច្ចមិនស្មោះត្រង់ ការប្រកួតប្រជែងមិនសុចរិតនៅក្នុងទីផ្សារ និងចរាចរទំនិញមិនមានអនុលោមភាពទាំងគុណភាពនៃទំនិញ និងឯកសារពាក់ព័ន្ធផ្សេងៗ ក្នុងវិស័យធុរកិច្ច ចៀសវាងការគេចវេះកាតព្វកិច្ចណាមួយពីច្បាប់ពាក់ព័ន្ធតម្រូវ។ ជាលទ្ធផលមន្រ្តីជំនាញ បានរកឃើញទំនិញមួយចំនួនមិនមានអនុលោមភាពលើឃ្លាំងទាំង២ខាងលើ និងសម្រេចផ្អាកបណ្ដោះអាសន្នដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយនៅអគ្គនាយកដ្ឋាន ក.ប.ប.។

នៅរសៀលថ្ងៃទី១៨ ខែមីនា លោក ប៊ុន ចម្រើន អគ្គនាយក​រងនៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រាប់ SBM News ថាក្រុមការងាររបស់លោក នៅបន្តនីតិវិធីនៅឡើយ ដូច្នេះនៅពុំទាន់មានរបាយការណ៍បញ្ចប់នៅឡើយទេ។ ក្នុងន័យនេះ លោក ប៊ុន ចម្រើន មិនទាន់អាចបញ្ជាក់ថាឃ្លាំងស្ដុក និងចែកចាយទំនិញចំនួន២ ស្ថិតនៅក្នុងមូលដ្ឋានណា ជាឃ្លាំងទំនិញប្រភេទអ្វីខ្លះ និងមានចំនួនគីឡូក្រាមនៅឡើយនោះទេ។

សូមជម្រាបថា ក្នុង​រយៈពេល​ត្រឹម​២​ខែ ដើមឆ្នាំ​២០២២ ​មន្ត្រី​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ ក.ប.ប. បាន​រកឃើញ និង​ដកហូត​ទំនិញ​ មិនមានអនុលោមភាព(ទំនិញក្លែងក្លាយ ទំនិញខូចគុណភាព ទំនិញផុតកាលបរិច្ចេទកំណត់ ទំនិញមានសារធាតុគីមី និងសំណល់ថ្នាំកសិកម្ម(លើបន្លែ ផ្លែឈើ) ប្រមាណជាង១១តោន៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត