មន្ត្រីរកឃើញដេប៉ូលក់ប្រេងចំនួន១២ មិនសុចរិត កេងប្រវ័ញ្ចផលប្រយោជន៍អ្នកប្រើប្រាស់
SBM News
22 មីនា 2022 11:00 AM

មន្ត្រីជំនាញនៅតែបន្តរកឃើញអាជីវកម្មប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មមិនសុចរិត ក្នុងន័យកេងប្រវ័ញ្ចផលប្រយោជន៍របស់អ្នកប្រើប្រាស់។ អាជីវកម្មប្រេងឥន្ធនៈដែលកេងប្រវ័ញ្ចផលប្រយោជន៍របស់អ្នកប្រើប្រាស់ខាងលើមាន ចំនួន១២ទីតាំងនៅខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តកំពង់ចាម ត្រូវបានមន្ត្រីជំនាញ រកឃើញនាថ្ងៃទី២០និង២១ ខែមីនា ឆ្នាំ២០២២។ 

នេះជាលទ្ធផលនៃការអនុវត្តវិធានការចំពោះស្ថានីយ/ដេប៉ូដែលប្រព្រឹត្តល្មើសនឹងច្បាប់ ដែលមន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តកំពង់ចាមបានចុះត្រួតពិនិត្យ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២០និង២១ ខែមីនា ឆ្នាំ២០២២។ ការត្រួតពិនិត្យធ្វើឡើងក្នុងស្រុកពួក ស្រុកស្រីស្នំ និងស្រុកស្វាយលើ នៃខេត្តសៀមរាប ស្រុកស៊ីធរកណ្តាល និងស្រុកពារាំង នៃខេត្តព្រៃវែង ស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ដើម្បីស្វែងរកភាពមិនអនុលោមក្នុងធុរកិច្ចដែលម្ចាស់ស្ថានីយ/ដេប៉ូមួយចំនួន មានចេតនាកេងចំណេញពីប្រជាពលរដ្ឋ។ ស្ថានីយ/ដេប៉ូសរុបចំនួន១៩ទីតាំង ត្រូវបានត្រួតពិនិត្យជាក់ស្តែង ដោយមន្ត្រីជំនាញ ជាមួយនឹងឧបករណ៍ Pumpwatch។ ក្នុងចំណោមទីតាំងខាងលើ មន្ត្រីជំនាញបានរកឃើញដេប៉ូចំនួន១២ទីតាំង ពុំមានភាពអនុលោម ដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ក្រោយរកឃើញស្ថានីយ/ដេប៉ូដែលប្រព្រឹត្តល្មើសនឹងច្បាប់ មន្ត្រីជំនាញបានតម្រូវឱ្យម្ចាស់ដេប៉ូទាំងនោះធ្វើកិច្ចសន្យាកែតម្រូវ និងពិន័យអន្តរការណ៍ផងដែរ។

មាត្រា៤០ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចែងអំពី ទណ្ឌកម្មនិងការពិន័យអន្តរការណ៍។ ទណ្ឌកម្មនៅក្នុងច្បាប់នេះ រួមមាន ការព្រមានជាលាយលក្ខណ៍អក្សរ ការព្យួរ ការដកហូត ឬការលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មឬអាជ្ញាបណ្ណ ការពិន័យអន្តរការណ៍ ទោសពិន័យជាប្រាក់ និង ទោសដាក់ពន្ធនាគារ។ ការព្រមានជាលាយលក្ខណ៍អក្សរ ការព្យួរ ការដកហូត ឬការលុបចោលវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្មឬអាជ្ញាបណ្ណ ជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ មន្ត្រីស៊ើបអង្កេតអាចកសាងសំណុំរឿងនៃបទល្មើសបញ្ជូនទៅតុលាការមានសមត្ថកិច្ច។

មាត្រា៤១ នៃច្បាប់ ចែងថា ក្នុងករណីទទួលរងនូវការព្រមានជាលាយលក្ខណ៍អក្សរម្ដងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើស តាមកថាខណ្ឌទី១ខាងលើនេះ ត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មឬអាជ្ញាបណ្ណ។ ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី២០.០០០.០០០(ម្ភៃលាន)រៀល ចំពោះអំពើល្មើសនឹងកថាខណ្ឌទី១ខាងលើនេះ ពាក់ព័ន្ធនឹងគុណភាពនិងប្រភពដើមនៃទំនិញ។

អគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវដល់ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងអស់ឱ្យប្រកបអាជីវកម្មដោយឈរលើគោលការណ៍សុចរិតភាព និងតម្លាភាព ដើម្បីលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជារួមចំណែកក្នុងការជំរុញកំណេីនសេដ្ឋកិច្ចជាតិផងដែរ។

ក្នុងរយៈពេល២ខែដើមឆ្នាំ ២០២២ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. បានចុះត្រួតពិនិត្យភាពអនុលោម ទៅនឹងបទប្បញ្ញាត្តិពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូនានានៅទូទាំងប្រទេស បានចំនួន៧៦៨ ក្នុងនោះ រកឃើញដេប៉ូប្រេងឥន្ធនៈចំនួន២៦៧ ស្មើ ៣៤.៧៦% ប្រកបអាជីវកម្មមិនសុចរិត និងត្រូវរងការពិន័យអន្តរការណ៍។

ការអនុវត្តវិធានការតឹងរឹងចំពោះស្ថានីយ/ដេប៉ូដែលប្រព្រឹត្តល្មើសនឹងច្បាប់ អនុលោមតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទដ្ឋានដែលស្ថិតនៅក្រោមច្បាប់នេះ ដើម្បីការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់។ ការធ្វើធុរកិច្ចប្រកបសុចរិតត្រឹមត្រូវ មិនត្រឹមតែដើរតួនាទីសំខាន់ក្នុងការផ្ដល់យុត្តិធម៌ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ វាថែមទាំងជះឥទ្ធិពលជាវិជ្ជមានដល់ការពង្រីកអាជីវកម្មរយៈពេលយូរអង្វែង ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងក្នុងសកម្មភាពធុរកិច្ចដោយសុចរិត ស្មោះត្រង់ ស្មើភាព និងបង្កើតឡើងនូវការយកចិត្តទុកចិត្តគ្នា រវាងធុរជន និងអ្នកប្រើប្រាស់ទៀតផង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត