
រាជធានីភ្នំពេញ៖ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បន្តដកហូតទំនិញឧបភោគបរិភោគ ហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងមានលាយសារធាតុគីមីប្រមាណ១៤៨គីឡូក្រាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ នេះបើតាមការប្រកាសរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

ក.ប.ប. បញ្ជាក់ថា ការដកហូតទំនិញខូចគុណភាពខាងលើ ធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ដោយមន្ត្រី ក.ប.ប. ប្រចាំខេត្តតាកែវ ខេត្តស្វាយរៀង បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យតាមបណ្តាផ្សារ ផ្ទះលក់ទំនិញនានា ស្ថិតក្នុងស្រុកត្រាំកក់ នៃខេត្តតាកែវ ក្រុងបាវិត នៃខេត្តស្វាយរៀង។ មន្ត្រីជំនាញបានធ្វើការវិភាគរកសារធាតុគីមីផ្សេងៗ លើសំណាកគំរូជាគ្រឿងឧបភោគបរិភោគចំនួន២០មុខ។ តាមលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ បបែលងៀត ងៀតត្រីសមុទ្រ មីលឿង មានផ្ទុកសារធាតុបូរ៉ាក់ និងបានដកហូតទំនិញចម្រុះ មានសារធាតុគីមី ហួសកាលបរិច្ឆេទប្រើប្រាស់ ពុំសមស្របតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ សរុបចំនួន១៤៨.៧៦គក យកមករក្សាទុកនៅស្នាក់ការរបស់សាខា ដើម្បីចាត់វិធានការ នាពេលក្រោយ។

សូមជម្រាបថា ក្នុងរយៈពេលត្រឹម២ខែដើមឆ្នាំ២០២២ មន្ត្រីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. បានរកឃើញ និងដកហូតទំនិញ មិនមានអនុលោមភាព(ទំនិញក្លែងក្លាយ ទំនិញខូចគុណភាព ទំនិញផុតកាលបរិច្ចេទកំណត់ ទំនិញមានសារធាតុគីមី និងសំណល់ថ្នាំកសិកម្ម(លើបន្លែ ផ្លែឈើ) ប្រមាណជាង១១តោន៕










