ក្រសួងការងារ ជ្រើសរើសពលករវិស័យកសិកម្មចំនួន១៥០០នាក់ ទៅបម្រើការងារនៅប្រទេសកូរ៉េ
K
Kimhuoy Klaing
18 មករា 2023 02:04 AM

រាជាធានីភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសពលករតាមរដូវកាលទៅបម្រើការងារក្នុងវិស័យកសិកម្ម សរុបចំនួនប្រមាណ១៥០០នាក់...។

រូបភាពឯកសារ
រូបភាពឯកសារ

នៅក្នុងឆ្នាំនេះ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស នឹងជ្រើសរើស បណ្តុះបណ្តាល និងបញ្ចូនពលករតាមរដូវកាលទៅបម្រើការងារ ក្នុងវិស័យកសិកម្ម ដូចជា៖ ដាំដុះដំណាំ (ប៉េងប៉ោះ ម្ទេស ប៉ោម ទំពាំងបាយជូ សារី) និងចិញ្ចឹមសត្វ (គោ ជ្រូក មាន់) នៅតាមបណ្តាក្រុង-ស្រុកនៃសាធារណរដ្ឋកូរ៉េ ក្នុងរយៈពេល៥ខែ តាមកម្មវិធីពលកររដូវកាលបរទេស (Foreign Seasonal Workers) ចំនួនប្រមាណ៥០០នាក់ នៅក្នុងខែមីនា និងចំនួន១ពាន់នាក់ នៅក្នុងខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ 

ក្រសួងបានបន្ថែមថា កម្មវិធីនេះ ជាការបំពេញបន្ថែមលើប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) ហើយអាទិភាពត្រូវបានផ្ដល់ដល់បងប្អូនដែលចេះភាសាកូរ៉េ និងធ្លាក់ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ EPS- TOPIK) កន្លងមក។ ពលករដែលបានចប់ការងារ៥ខែ ពេលវិលត្រឡប់មកវិញនឹងត្រូវបានផ្ដល់អាទិភាពទៅប្រកបការងារនៅក្រុង-ស្រុកមួយផ្សេងទៀត ដែលនៅមានតម្រូវការ។ ដូច្នេះ ជារៀងរាល់ឆ្នាំពលករម្នាក់ អាចធ្វើការបានចំនួន១០ខែ។ 

រូបភាពឯកសារ
រូបភាពឯកសារ

ទន្ទឹមនឹងនេះ មុនពេលចេញដំណើរ ពលករក៏អាចដាក់ពាក្យប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ (EPS-TOPIK) ដើម្បីត្រៀមត្រឡប់មកប្រឡងតេស្តភាសាកូរ៉េវិញនៅពេលដែលអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRD-Korea) កំណត់កាលបរិច្ឆេទនៃការប្រឡងពិតប្រាកដ។ ក្រសួងបានបញ្ជាក់ផងដែរថា៖ «មានតែគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសតែមួយគត់ ដែលមានសិទ្ធិស្របច្បាប់ ក្នុងការជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលករកម្ពុជា ទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ»

គួររំលើកថា កន្លងមក កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបញ្ចូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉ តាមកម្មវិធីពលកររដូវកាលបរទេស (Foreign Seasonal Workers)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត