
ភ្នំពេញ៖ ជារៀងរាល់ឆ្នាំពេលមានពិធីបុណ្យចូលឆ្នាំចិន ពលរដ្ឋខ្មែរដែលកាត់ស្រឡាយចិន តែងតែប្រារព្ធ និងអបអរដូចនឹងពលរដ្ឋចិនផងដែរ។ អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ ផ្នែកវប្បធម៌ និងអប់រំ បានលើកឡើងដូចគ្នាថា ពលរដ្ឋខ្មែរដែលនិយមប្រារព្ធពិធីនេះ គឺក្លាយជាទម្លាប់ដែលមានពីដូនតាបុរាណយូរមកហើយ។ បើតាមអ្នកជំនាញ ពិធីចូលឆ្នាំចិននេះ អាចនឹងក្លាយជាវប្បធម៌ប្រពៃណីខ្មែរ បើកាលណារាជរដ្ឋាភិបាលប្រកាសប្រារព្ធពិធីបុណ្យនេះជាផ្លូវការ...។
បច្ចុប្បន្ននៅតាមស្ថាប័ន និងផ្ទះមួយចំនួន បានព្យួរគោមក្រហម បិតក្រដាសក្រហម ដាក់ផ្កាអង្គារសិល្បិ៍ដោយមានចងអាំងប៉ាវ ផ្កាស្បៃរឿង សែនជ្រូកខ្វៃ សែនមាន់ទាជាដើម ដើម្បីទទួលសិរីសួស្តី និងលាភជ័យរកស៊ីមានបានជាដើម។ លោក ឈត ប៊ុនថង ជាមន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិតសភាកម្ពុជា បានសង្កេតឃើញថា ពិធីចូលឆ្នាំចិន និងពិធីសាសនាចិនផ្សេងទៀត គឺមិនមែនមានតែកម្ពុជានោះទេដែលគោរព ក៏មានបណ្តាប្រទេសមួយចំនួនទៀត ក៏ប្រារព្ធដូចនឹងប្រទេសចិនផងដែរ។ លោក ឈត ប៊ុនថង បានលើកឡើងថា ពលរដ្ឋកម្ពុជាប្រារព្ធពិធីនេះតាំងពីដូនតា ជីដូនជីតារបស់ពួកគេដែលមានជាប់សាច់ឈាមជាមួយជនជាតិចិន ខណៈដែលចិនបច្ចុប្បន្នមិនសែនព្រេនធំដុំ ដូចជាការដុតក្រដាសសែន និងសែនជ្រូកខ្វៃឡើយ។

បើតាមមន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិតសភាកម្ពុជារូបនេះ ក្នុងពិធីសែនព្រេនសម្រាប់អបអរពិធីបុណ្យចូលឆ្នាំចិននៅកម្ពុជា គឺមានលក្ខណៈធំដុំ និងតូចតាច ទៅតាមធនធាន និងជីវភាពរបស់ពលរដ្ឋកម្ពុជា។ លោក ឈត ប៊ុនថងបានរៀបរាប់ដូច្នេះថា៖ «ការគោរពពិធីបុណ្យចូលឆ្នាំចិននេះ ជាសិទ្ធិសេរីភាពដែលច្បាប់អនុញ្ញាត។ បច្ចុប្បន្នពលរដ្ឋកាន់ប្រពៃណីទំនៀមទម្លាប់លើសពីមួយ គាត់កាន់ប្រពៃណីខ្មែរផង និងចិនផង។ ពលរដ្ឋខ្មែរចូលចិត្តសប្បាយ មានបុណ្យអីក៏ធ្វើដែរ។ នេះជាសិទ្ធិរបស់គាត់ ជាឥរិយាបថ ជាសកលភាវូបនីយកម្មរបស់មនុស្សសម័យថ្មី។ សម្រាប់ខ្ញុំគាត់ធ្វើអ្វីៗធ្វើទៅ កុំឲ្យតែអន្តរាយដល់ស្រុកទេស និងល្មើសច្បាប់។ ខ្ញុំជឿជាក់ថា មិនប៉ះពាល់ដល់វប្បធម៌ខ្មែរ កុំឲ្យតែរាជរដ្ឋាភិបាល គោរពពិធីបុណ្យនេះជាផ្លូវការ នឹងក្លាយជារឿងគួរឲ្យបារម្ភ»។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានលើកឡើងថា ជនជាតិចិនមានវត្តមាននៅកម្ពុជា តាំងពីសតវត្សរ៍ទី៣នៃគ្រឹះសករាជ រហូតមកដល់សព្វថ្ងៃនេះ។ ក្រោយសម័យបារាំង កម្ពុជាចាប់ផ្តើមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងចិន តាមរយៈទំនាក់ទំនងការទូត ការរៀបការ ការធ្វើជំនួញពាណិជ្ជកម្មជាដើម។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែររូបនេះ បានកត់សម្គាល់ថា ទាំងជនជាតិខ្មែរដែលជាប់សែស្រឡាយចិន និងមិនជាប់ទល់តែសោះ គឺសុទ្ធសឹងតែគោរពពិធីបុណ្យសាសនារបស់ចិន ដោយសារតែពួកគេមានថៅកែចិន និងរកស៊ីជាមួយជនជាតិចិន និងមានសាច់ញាតិដែលរៀបការជាមួយជនជាតិចិន។
លោក សំបូរ មាណ្ណារ៉ា បានរៀបរាប់ដូច្នេះថា៖ «ប្រជាជនយើងបានស្វាគមន៍ជនជាតិចិនតាំងពីយូរលង់មកហើយ ដែលមានទំនាក់ទំនងខាងពាណិជ្ជកម្ម សហគ្រាស ខាងពលកម្ម និងខាងសង្គមផង។ ដូច្នេះវប្បធម៌នឹងមានជាមួយគ្នាហើយ។ ចូលឆ្នាំចិន និងវប្បធម៌របស់ជនជាតិចិន គឺខ្មែរចូលរួម គឺមិនមែនជាការប្រកាន់ភ្ជាប់ប្រពៃណីនោះទេ គឺគ្រាន់តែជាទម្លាប់ និងស្វាគមន៍ដើម្បីសុខដុមរមណីយកម្មរបស់សង្គមខ្មែរ។ ខ្មែរយើងមានទម្លាប់ឲ្យតម្លៃទៅជនបរទេស»។

ក្នុងពិធីបុណ្យចូលឆ្នាំចិន ក្រុមហ៊ុន ស្ថាប័នមួយចំនួន និងសាលារៀនរដ្ឋ និងឯកជន គឺភាគច្រើនមានបុគ្គលិក និងសិស្សសាលាសុំច្បាប់ឈប់ដើម្បីទៅជួបជុំសាច់ញាតិ និងរៀបចំសែនដូនតា។ សម្រាប់លោក សំបូរ មាណ្ណារ៉ា យល់ឃើញថា ទម្លាប់បែបនេះហើយបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការការងារក្នុងក្រុមហ៊ុន និងការសិក្សារបស់សិស្សសាលា។ សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្ត្រ មាណ្ណារ៉ា មិនគាំទ្រឲ្យមានទម្លាប់នេះទៀតឡើយ។ លោកស្នើឲ្យក្រសួងពាក់ព័ន្ធ ជាពិសេសឪពុកម្តាយ គួរពន្យល់ឲ្យច្បាស់អំពីវប្បធម៌ខ្មែរ និងអ្វីដែលគួរតែធ្វើដើម្បីថែរក្សាវប្បធម៌ជាតិខ្មែរ៕








