មន្ទីរសាធារណការប្រកាសបិទចរាចររថយន្តធុនធ្ងន់លើកំណាត់ផ្លូវមួយចំនួនក្នុងខេត្តកណ្តាល
SBM News
17 មករា 2023 05:00 AM

កណ្ដាល៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានប្រកាសបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ ក្រោមហេតុផលបញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឱ្យមានការជន់លិចផ្លូវ ព្រមទាំងបាក់ដីច្រាំងទន្លេ ស្ទឹង និងព្រែកមួយចំនួន។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ប្រកាសបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ២១, ផ្លូវខេត្តលេខ២០, ២០អា, ២០បេ(១២០) និងផ្លូវខេត្តលេខ១កាដេ៩(៣៤) ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល០៣ថ្ងៃ គិតចាប់ពី ថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដើម្បីបញ្ចៀសការខូចខាតកំណាត់ផ្លូវខាងលើ។ ចំពោះរថយន្តគ្រួសារ និងរថយន្តដឹកទំនិញក្រោម៥តោន អាចធ្វើចរាចរណ៍បានជាធម្មតា។

របាយការណ៍របស់គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បានឱ្យដឹងថា ខេត្តក្រុងដែលកំពុងប្រឈមនឹងជំនន់រដូវប្រាំងនេះ ដែលចាប់ពីថ្ងៃទី៩ដល់១៥មករា រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ និងកំពត ដោយពលរដ្ឋ​ជាង៣ពាន់​គ្រួសារ​រងផលប៉ះពាល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត