
(បាល់ទាត់) ក្លិបតោខៀវ Chelsea របស់លោក Graham Potter បានចំណាយទឹកប្រាក់ប្រមាណជាង ៨៧ លានផោន ដើម្បីចុះកិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធអ៊ុយក្រែន Mykhailo Mudryk មកពីក្លិប Shakhtar Donetsk ជាផ្លូវការ ខណៈកីទ្បាករវ័យ ២២ ឆ្នាំនេះបានចុះកិច្ចសន្យារយៈពេល ៨ ឆ្នាំកន្លះក្នុងតម្លៃ ៧០ លានអឺរ៉ូ រួមទាំងបូកប្រាក់បន្ថែម ៣០ លានអឺរ៉ូ ពីការផ្ទេរមកកាន់កីទ្បដ្ឋាន Stamford Bridge របស់ក្លិបយក្សអង់គ្លេសនេះ..។

នៅទីផ្សារដោះដូរកីឡាករខែមករានេះ Mykhailo Mudryk គឺជាកីទ្បាករទី៥របស់ក្លិប Chelsea បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធ Joao Felix ក្នុងកិច្ចសន្យាខ្ចីជើងពី Atletico Madrid បូករួមទាំងកីទ្បាករ Benoit Badiashile, David Datro Fofana និង Andrey Santos ជាដើម។ យ៉ាងណាក្ដីក្លិបតោខៀវ Chelsea បានចំណាយប្រាក់ជាង ៤០០ លានផោនលើការផ្ទេរចាប់តាំងពីមានមហាសេដ្ឋអាម៉េរិក លោក Todd Boehly បានកាន់កាប់ក្លិបយក្សអង់គ្លេសនេះក្នុងឧសភា ឆ្នាំ២០២២។

ខ្សែប្រយុទ្ធអ៊ុយក្រែន Mykhailo Mudryk បានស៊ុតបញ្ចូលទី ៧គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ១២ប្រកួតឱ្យក្លិប Shakhtar Donetsk សម្រាប់លីគ នារដូវកាលនេះ។ កីទ្បាករវ័យ ២២ ឆ្នាំនេះទើបតែបានជាប់ជម្រើសជាតិអ៊ុយក្រែនជាលើកដំបូងក្នុងមិថុនា ឆ្នាំ២០២២ ដោយបានបង្ហាញខ្លួនចំនួន ៨ ប្រកួតប៉ុណ្ណោះ...។
គួរបញ្ជាក់ថា Mudryk ក៏បានបង្ហាញខ្លួនឯកីទ្បដ្ឋាន Stamford Bridge ដើម្បីចូលរួមទស្សនាការប្រកួតក្របខណ្ឌ Premier League របស់ក្លិបតោខៀវ Cheslea ជាមួយនឹងក្លិប Crystal Palace កាលពីថ្ងៃអាទិត្យទី១៥ ខែមករា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះផងដែរ..៕



