
រាជធានីភ្នំពេញ៖ គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅឆាកអន្តរជាតិ និងត្រូវបានទទួលស្គាល់ពីទីផ្សារ លើទំហំគ្រាប់ រសជាតិ កម្រិតកាកសំណល់កសិកម្មទាប និងសរីរាង្គតាមបែបប្រពៃណី ដោយក្នុងនោះផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា អាចទាញយកចំណែកទីផ្សារពីសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ហូឡង់ ចិន ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី សហភាពអារ៉ាប់រួម និងជប៉ុន...។

បើតាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្តី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ អំពីសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ ដំណាំស្វាយចន្ទី គឺជាដំណាំកសិឧស្សាហកម្មដ៏មានសក្ដានុពល និងជាដំណាំអាទិភាពមួយ ក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែងតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់។ បច្ចុប្បន្ន កម្ពុជាមានខេត្តចំនួន១០ ដែលមានផ្ទៃដីដាំដុះ ស្វាយចន្ទី ដែលរួមមាន៖ ខេត្តកំពង់ធំ រតនគិរី ក្រចេះ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី និងសៀមរាប។

ក្នុងន័យនេះ ដើម្បីបន្តជំរុញកំណើនកសិពាណិជ្ជកម្ម ប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព និងសុវត្ថិភាព ការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ គឺជាការចាំបាច់ ដែលស្របទៅនឹងគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត ផ្សេងៗទៀត សំដៅធានានូវឧត្តមភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ព្រមទាំងជាផែនទីបង្ហាញផ្លូវ និងជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពអភិវឌ្ឍ វិស័យដំណាំស្វាយចន្ទីប្រកបដោយចីរភាព។

សេចក្តីព្រាងគោលនយោបាយនេះ មានចក្ខុវិស័យ អភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទី ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើដល់ទីផ្សារ ក្នុងស្រុក តំបន់ និងពិភពលោក។ គួររំលឹកផងដែរថា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ ផ្ទៃដីដាំដុះស្វាយចន្ទីកម្ពុជា មានការកើនឡើងពី ៩៤៣០៨ហិកតា ដល់ ៤០៥៩៩១ហិកតា និងផ្ទៃដីប្រមូលផលបានកើនពី ៧៨៥៨៤ហិកតា ដល់២៧៥៦៧៩ហិកតា ដោយទទួលបានទិន្នផលសរុបកើនពី៩៣៩៤៤តោន ដល់៤៧២៦៣៦តោន៕


