
(បាល់ទាត់)៖ អ្នកគាំទ្រក្រុម Real Betis បានលើកដៃ «Fuck You» ដាក់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ម៉ាកូស រ៉ាហ្វ៉ដ Marcus Rashford របស់ក្លឹបបិសាចក្រហម Manchester United ក្រោយពីកីឡាកររូបនេះស៊ុតបាល់បំប៉ោងសំណាញ់ទីក្រុម Real Betis ហើយធ្វើកាយវិកាបង្ហាញពីការចម្អកឱ្យក្រុមអ្នកគាំទ្រ Real Betisផងដែរ...។
ក្រុមបិសាចក្រហម Manchester United បានឈានឡើងទៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទីពីររបស់ទ្វីបអឺរ៉ុប UEFA Europa League ក្នុងការប្រកួតជើងទីពីរ ដោយបានយកឈ្នះក្រុម Real Betis ដោយលទ្ធផល ១-០ ខណៈដែលលទ្ធផលសរុបទាំងពីរជើង គឺដល់ទៅ ៥-១ ឯណោះ។

គ្រាប់បាល់ជ័យជម្នៈរបស់ក្រុម Manchester United បានកើតចេញពីការស៊ុតគូសសិចមួយជើងពីចម្ងាយដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Marcus Rashford នៅនាទី៥៦នៃតង់ទីពីរ ខណៈដែល កីឡាករ Rashford បានរត់ទៅអបអរគ្រាប់បាល់នៅចំពីមុខអ្នកគាំទ្រ Real Betis ដោយយកដៃចង្អុល់ក្បាល និងធ្វើឱ្យអ្នកគាំទ្រទាំងនោះទ្រាំនឹងទង្វើនេះមិនបាន ក៏លើកដៃ «Fuck You» រួមទាំងស្រែកពាក្យមួយចំនួនមើលទៅហាក់បីជាមិនសមរម្យតែម្ដង។ គួរជម្រាបថា ក្រោយពីស៊ុតបញ្ចូលទីគ្រាប់បាល់យប់មិញ ពេលនេះ Rashford បានក្លាយជាកីទ្បាករវ័យក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រក្រុមបិសាចក្រហម Manchester United ដែលស៊ុតបញ្ចូលទីរហូតដល់២៥គ្រាប់ ក្នុងពានរង្វាន់អឺរ៉ុប៕





