
(គុនខ្មែរ)៖ ក្រោយឈ្នះខ្សែក្រវាត់ពីសង្វៀនថៃហ្វៃត៍ កាលពីថ្ងៃ២៤ ខែធ្នូ កន្លងទៅថ្មីៗនេះ កីឡាករធឿន ធារ៉ា កំពុងមមាញឹកដើរប្រមូលថវិកាឧបត្ថម្ភពីសំណាក់សប្បុរសជន និងថតស្ប៉តពាណិជ្ជកម្មឱ្យក្រុមហ៊ុនមួយចំនួន ខណៈការហ្វឹកហាត់មិនបានដិតដល់ តែបែរជាមានឈ្មោះប្រកួត ជាប់ៗគ្នាជាច្រើនសប្តាហ៍ ធ្វើឱ្យមហាជនសម្តែងការព្រួយបារម្ភ ចំពោះសុខភាពរបស់គេ...។

កីឡាករ ធឿន ធារ៉ា ពេលនេះ មិនមែនធារ៉ាពីមុនទេ រូបគេត្រូវបានម្ចាស់ក្រុមហ៊ុនមួយចំនួនចាប់អារម្មណ៍ ទាក់ទងថតផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងសស្រាក់សស្រាំ។ ជាមួយគ្នានោះ កីឡាករ ធឿន ធារ៉ា ក៏ត្រូវបានស្ថានីយទូរទស្សន៍ក្នុងស្រុកមួយចំនួនធំប្រជែងគ្នា យកទៅប្រកួតក្នុងកម្មវិធីរបស់ពួកគេរៀងៗខ្លួន ដែលធ្វើឱ្យការហ្វឹកហាត់របស់អ្នកប្រដាល់រូបនេះមិនបានពេញលេញដូចមុនៗឡើយ។ ជាក់ស្តែង បន្ទាប់ពីប្រកួតឈ្នះខ្សែក្រវាត់នៅសង្វៀនថៃហ្វៃត៍រួចមក រូបគេបានចូលរួមប្រកួតតាមកម្មវិធីមួយចំនួនរបស់ស្ថានីយទូរទស្សន៍ល្បីៗក្នុងស្រុក២សប្តាហ៍ជាប់ៗគ្នា។ មានការលើកឡើងថា ទោះបីធារ៉ា បន្តភាពខ្លាំងដោយយកឈ្នះដៃគូហូត ប៉ុន្តែបើបណ្តោយបែបនេះ គឺមិនល្អទេ រូបគេអាចនឹងថ្លាក់ដៃ ឬជួបបញ្ហាសុខភាពនៅថ្ងៃណាមួយ ដែលអាចឱ្យរូបគេប្រកួតចាញ់ និងបាត់បង់ប្រជាប្រិយភាពមិនខាន។

អ្នកគាំទ្រម្នាក់បានផ្តល់យោបល់ថា ចុះបើមមាញឹកនឹងការដើរប្រមូលថវិកាពីសប្បុរសជន និងទៅថតស្ប៉តពាណិជ្ជកម្មឱ្យផលិតផលក្រុមហ៊ុន តើមានពេលឯណាទៅហ្វឹកហាត់ទៅ ធ្វើបែបនេះ ច្បាស់ជាធ្លាក់ប្រជាប្រិយ៍ភាពមិនខានទេ បើភ្លាត់ចាញ់កីឡាករអន់ៗណាមួយនោះ។ តែសំណាងដែរ ខាងសង្វៀនចាប់គូសុទ្ធតែខ្លាំងៗ ជាក់ស្តែង កាលពីថ្ងៃឆ្លងឆ្នាំសកល រូបគេបានយកឈ្នះជើងខ្លាំងថៃ ដែលជាកូនសិស្សរបស់ស្តេចប្រដាល់ថៃ ប៊ូខាវ។ មិនទាន់បានសម្រាកឱ្យស្រួលខ្លួនផង ស្រាប់តែមានការផ្គូផ្គងជាថ្មីម្ដងទៀតនៅសង្វៀនទូរទស្សន៍ជាតិ នាថ្ងៃទី៨ ខែមករាខាងមុខនេះ។

សូមបញ្ជាក់ថា ក្រោយឈ្នះខ្សែក្រវាត់ថៃហ្វៃត៍កាលពីពេលថ្មីៗ កីឡាករ ធឿន ធារ៉ា កំពុងមមាញឹកនឹងការដើរប្រមូលប្រាក់ឧបត្ថម្ភ ហើយក្រុមហ៊ុនមួយចំនួន បាននឹងកំពុងហៅទៅថតឱ្យផលិតផលរបស់ពួកគេផងដែរ។ ទោះយ៉ាងណា សកម្មភាពនេះ បានបង្ហាញពីភាពជោគជ័យមួយនៃវិស័យប្រដាល់គុនខ្មែរ និងអាចចាត់ទុកថា ជាកិត្តិយសមួយសម្រាប់កីឡាករ ធឿន ធារ៉ា ប៉ុន្តែ បើប្រកួតញឹកញ៉ាប់ពេករូបគេ ក៏អាចនឹងចុះខ្សោយកម្លាំង ដូចគ្នាផងដែរ ដូច្នេះ កីឡាករ ធឿន ធារ៉ាគួរតែរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តអាជីពប្រដាល់របស់ខ្លួនទៅថ្ងៃមុខទៀត..៕



