
រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដុតកម្ទេចចោលផលិតផលបារីអេឡិចត្រូនិក(E-Cigarette) ចំនួន ៧២០០ប្រអប់។

បារីអេឡិចត្រូនិក(E-Cigarette) ដែលត្រូវបានដុតកម្ទេចចោល មានចំនួន២៨៨កាតុង ស្មើនឹង ៧២០០ប្រអប់ ដែលត្រូវបានដកហូតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពីទីតាំងស្តុកទុកចែកចាយមួយកន្លែង តាមដីការសម្រេចរឹបអូសចាប់យកវត្ថុតាងទៅបំផ្លាញចោលលេខ០១៤ របស់ ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដបូងរាជធានីភ្នំពេញ។ ការដុតកម្ទេចចោលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅទីលានចាក់សំរាមខណ្ឌដង្កោ ដោយក.ប.ប សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការនគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ។

កន្លងទៅ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកគ្រឿងញៀន ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់បញ្ឈប់លែងឱ្យមានការប្រើប្រាស់បារីអេឡិចត្រូនិក ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ជាពិសេសយុវជនដែលកំពុងឈ្លក់វង្វេងនឹងឧបករណ៍ញៀននាសម័យថ្មីនេះ។

ឧបករណ៍អេឡិចត្រូនិកមួយចំនួនមានរូបរាង្គដូចជាប៊ិក ឬUSB ធ្វើឱ្យយុវវ័យដែលប្រើប្រាស់វា មានអារម្មណ៍ថាទាន់សម័យ ប៉ុន្តែតាមការស្រាវជ្រាវបង្ហាញថា វាបង្កផលប៉ះពាល់ដូចជា ជំងឺសួតធ្ងន់ធ្ងរ (ដោយសារភាគល្អិតចូលជ្រៅក្នុងសួត) បណ្តាលឱ្យញៀន បង្កជំងឺមហារីក (ដោយសារលោហៈធ្ងន់) ប៉ះពាល់ដល់ការសិក្សា និងការផ្ចង់អារម្មណ៍។

បារីអេឡិចត្រូនិក ជាផលិតផលគ្រោះថ្នាក់ ផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេស ចំពោះកុមារ និងយុវជន បង្កឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្រ។ ចំណែកសារធាតុផ្សេងទៀត ដូចជា ប្រូពីលែន គ្លីសេរីនគ្លីកូល វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង។ តាមការស្រាវជ្រាវប្រមូលទិន្នន័យរយៈពេល៦ខែរបស់មជ្ឈមណ្ឌលCDC នៃសហរដ្ឋអាម៉េរិក (ដែលធ្វើចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០) បានបង្ហាញថា ពលរដ្ឋអាម៉េរិកចំនួន២៨០៧នាក់បានឈឺ និង៦៨នាក់បានស្លាប់ដោយសារជំងឺសួតដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្តីណែនាំស្ដីពី ការចាត់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈ៍ ធី ភី (HTPs) ក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ៕





