
រាជធានីភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី កំពុងត្រូវបានពិភាក្សាស្ទើរចប់សព្វគ្រប់ទាំងស្រុងហើយ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងថា ច្បាប់នេះត្រូវបានកែសម្រួលឱ្យសមស្របទៅតាមស្ថានភាពសង្គមដែលមានការរីកចម្រើន និងកត្តាប្រឈមនានា។ មិនតែប៉ុណ្ណោះ បទដ្ឋានគតិយុត្តមួយចំនួន ក៏នឹងត្រូវបានកែសម្រួល ខណៈមួយចំនួនទៀតនឹងត្រូវតាក់តែងឡើងថ្មី ដើម្បីធានាអនុលោមភាពនៃច្បាប់ និងការគ្រប់គ្រងឱ្យបាន ដើម្បីសុវត្ថិភាពការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ។
នៅក្នុងច្បាប់ថ្មីនេះ ក៏បានកំណត់ឱ្យអ្នកបើកបរទាំងអស់ជាប់កាតព្វកិច្ចមួយចំនួន ដើម្បីធានាសុវត្ថិភាពចរាចរណ៍ ក្នុងនោះមានដូចជា ការតម្រូវឱ្យមានវិញ្ញាបណ្ណបត្របញ្ជាក់សុខភាព ថាគ្មានសារធាតុញៀនក្នុងខ្លួន សម្រាប់អ្នកដែលចង់ចូលធ្វើការងារជាអ្នកបើក មិនថារថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញនោះទេ។ នេះជាការអះអាងរបស់ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។
សម្ដេចសង្កត់ធ្ងន់ថា៖ «ការដាក់កាតព្វកិច្ចបែបនេះ នឹងធ្វើឱ្យអ្នកស្វែងរកការងារធ្វើក្នុងវិស័យដឹកជញ្ជូន និងការងារពាក់ព័ន្ធនឹងការបើកបរ ប្រឈមមុខនឹងភាពគ្មានការងារធ្វើ ប្រសិនបើពួកគេមានសាធារធាតុញៀន»៕








