
រាជធានីភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានលើកឡើងអំពីដំណើរការតាក់តែងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ដែលប្រារព្ធនៅសួនច្បារ មុខវត្តបុទមវតី រាជធានីភ្នំពេញ...។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងច្បាប់ថ្មីនេះ បានកំណត់ឱ្យអ្នកបើកបរទាំងអស់ជាប់កាតព្វកិច្ចមួយចំនួន ដើម្បីធានាសុវត្ថិភាពចរាចរណ៍ ក្នុងនោះមានដូចជា ការតម្រូវឱ្យមានវិញ្ញាបណ្ណបត្របញ្ជាក់សុខភាព ថាគ្មានសារធាតុញៀនក្នុងខ្លួន សម្រាប់អ្នកដែលចង់ចូលធ្វើការងារជាអ្នកបើក មិនថារថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញនោះទេ។ សម្ដេចបញ្ជាក់ថា៖ «ការដាក់កាតព្វកិច្ចបែបនេះ នឹងធ្វើឱ្យអ្នកស្វែងរកការងារធ្វើក្នុងវិស័យដឹកជញ្ជូន និងការងារពាក់ព័ន្ធនឹងការបើកបរ ប្រឈមមុខនឹងភាពគ្មានការងារធ្វើ ប្រសិនបើពួកគេមានសាធារធាតុញៀន»។

សម្តេចប្រធានគណៈកម្មាធិការជាតិ បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កផលប៉ះពាល់ជាច្រើន ហើយអាចបន្តអូសបន្លាយ និងមានកំណើន ប្រសិនបើគ្មានការចូលរួមអនុវត្តច្បាប់ ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ និងខ្វះវិធានការទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ប្រកបដោយប្រសិទ្ធភាព។ សម្ដេចបន្តថា មូលហេតុបង្កគ្រោះថ្នាក់ដែលបន្តមានកំណើន រួមមាន៖ ដូចជាការបើកបរលើសល្បឿន មិនគោរពសិទ្ធិអាទិភាព និងការបើកបរមិនប្រកាន់ស្ដាំ។ បន្ថែមលើនវេះ មួកសុវត្ថិភាព និងខ្សែក្រវាត់សុវត្ថិភាព ក៏រួមចំណែកការពារសុវត្ថិភាពខ្ពស់ណាស់ នៅពេលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដូច្នេះ អ្នកបើកបរ និងអ្នកដំណើរតាមម៉ូតូ និងរថយន្តទាំងអស់មិនត្រូវប្រមាថ ឬធ្វេសប្រហែសត្រង់ចំណុចនេះឡើយ។
គួរបញ្ជាក់ថា ជាមធ្យមមានអ្នកស្លាប់៤នាក់ និងរបួស១១នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយក្នុងចំណោមជនរងគ្រោះដែលភាគច្រើនបានស្លាប់ គឺជាអ្នកជិះម៉ូតូ មានដល់ទៅ៧៩ភាគរយ ក្នុងនោះមាន៧៤ភាគរយមិនពាក់មួកសុវត្ថិភាព...៕






