Pep Guardiola ថា លោកនឹងមិនទៅណាចោល Man City ដរាបណាមិនទាន់ឈ្នះ UCL
Serichopon Ye
•
22 ធ្នូ 2022 03:45 PM

(បាល់ទាត់) លោក Pep Guardiola ដែលជាអ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City បាននិយាយថា ប្រសិនបើមិនអាចឈ្នះពានរង្វាន់ Champions League នោះទេ នោះការងាររបស់លោកនៅ Man City ក៏មិនទាន់ចប់ដែរ។

លោក Guardiola បានបន្តកុងត្រា២ឆ្នាំបន្តទៀតជាមួយនឹងក្រុម Manchester City កាលពីខែវិច្ឆិកា ដោយលោកនឹងបន្តស្នាក់នៅក្លិបយក្សមួយនេះរហូតដល់ឆ្នាំ ២០២៥ ។ គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះធ្លាប់ជួយឱ្យក្រុមយក្សអង់គ្លេសនេះឈ្នះពានរង្វាន់ English Premier League ចំនួន៤ដង ប៉ុន្តែការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលពីឆ្នាំ ២០២០-២០២១ ក្រុម Manchester City បានត្រឹមរងជើកឯកប៉ុណ្ណោះ ក្រោយពីប្រកួតចាញ់ក្រុមតោខៀវ Chelsea លទ្ធផល ១-០។ 

លោក Pep Guardiola ធ្លាប់ដឹកនាំក្រុមអ្នកមានបុណ្យ FC Barcelona ឈ្នះពានរង្វាន់ UEFA Champions League ចំនួន២សម័យកាលពោលគឺចន្លោះពីរដូវកាលឆ្នាំ ២០០៨-០៩ និង ២០១០-១១ ដែលគ្រានោះយកឈ្នះលើក្រុមបិសាចក្រហម Manchester United ទាំងពីរលើក។

លោក Pep Guardiola ដឹកនាំក្រុមអ្នកមានបុណ្យ FC Barcelona ធ្លាប់ជួយឱ្យក្លឹបយក្សអេស្ប៉ាញនេះឈ្នះពានរង្វាន់ UEFA Champions League ចំនួន២សម័យកាល
លោក Pep Guardiola ដឹកនាំក្រុមអ្នកមានបុណ្យ FC Barcelona ធ្លាប់ជួយឱ្យក្លឹបយក្សអេស្ប៉ាញនេះឈ្នះពានរង្វាន់ UEFA Champions League ចំនួន២សម័យកាល

មុនជំនួបទល់នឹងក្រុមហង្សក្រហម Liverpool នៃការប្រកួតពានរង្វាន់ League Cup ជុំទីបួន លោក Guardiola បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ «វាមិនមែនតែម្ដងទេ ប៉ុន្តែខ្ញុំទទួលស្គាល់ថាវាជាពានរង្វាន់ដែលយើងចង់បាន ហើយពេលវេលារបស់ខ្ញុំទីនេះក៏មិនទាន់ចប់ដែរ ប្រសិនបើយើងមិនទាន់ឈ្នះវា (Champions League)។ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីឈ្នះវា»។

គួរបញ្ជាក់ថា ក្រុមមេឃខៀវ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola កំពុងស្ថិតនៅលេខរៀងទី ២ តាមពីក្រោយក្រុមកំពូលតារាង Arsenal ក្នុងក្របខណ្ឌ English Premier League ខណៈក្រុម Manchester City នឹងបើកកីទ្បដ្ឋាន Etihad Stadium ដើម្បីស្វាគមន៍ក្រុម Liverpool នៅក្នុងការប្រកួត League Cup នារាត្រីនេះ មុនពេលប៉ះគ្នាជាមួយនឹងក្រុម Leeds United នៅក្នុងការប្រកួតលីគនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ៕ 

ប្រភព៖ CNA

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត