ស្អែកនេះ ! ក្រសួងអប់រំប្រកាសលទ្ធផលប្រឡងបាក់ឌុប មុនកាលកំណត់
R
Rorn Phork
21 ធ្នូ 2022 11:00 AM

(រាជធានីភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង៖ ០៥ធ្នូ ២០២២ នឹងប្រកាសលទ្ធផលនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ-កណ្ដាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បណ្ដាខេត្តផ្សេងទៀត...។

សូមបញ្ជាក់ថា បើតាមការគ្រោងទុក ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាកឌុបនេះ ក្រសួងបានកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំងប្រទេស។ យ៉ាងណា បើតាមប្រភពពីក្រសួងអប់រំ បានឱ្យដឹងថា ដោយសារការបញ្ចប់កំណែ និងការបូកសរុបពិន្ទុបញ្ចប់មុន​កំ​ណត់ ហេតុនេះ ក្រសួងបានសម្រេចយកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ-កណ្ដាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បណ្ដាខេត្តផ្សេងទៀតវិញ។

សូមរំលឹកថា ប្រឡងបាក់ឌុប ឆ្នាំ២០២២ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២​ មានបេក្ខជន​ចុះឈ្មោះ​ប្រឡង ចំនួន១២៨១៣៥នាក់ ស្រី៦៨៧៧១នាក់, មណ្ឌលប្រឡង២២១ និងត្រូវជា ៥១៧៤បន្ទប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត