ក្រុងកំពង់ចាមទាំងមូល នឹងលែងមានក្លិនស្អុយ ក្រោយមានសមិទ្ធផលសំខាន់ៗទាំង២នេះ
P
Pisey Sem
21 ធ្នូ 2022 06:00 AM

(ខេត្តកំពង់ចាម)៖ ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម មានតម្លៃប្រមាណជាង២២លានដុល្លារ នៅក្រុងកំពង់ចាម គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗ។ នេះបើតាមការឱ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែធ្នូនេះ...។

ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីពេលថ្មីៗ ក្រសួង បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីជួបពិភាក្សាការងារត្រៀមបើកការដ្ឋានសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម នៅក្នុងក្រុងកំពង់ចាម នាពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើឱ្យរដ្ឋបាលខេត្តកំពង់ចាម ជ្រើសរើសមន្ត្រីចូលទៅបម្រើការងារ នៅពេលដែលសមិទ្ធផលថ្មីនេះ បានសាងសង់រួចរាល់ជាស្ថាពរ និងបានសំណូមពរឱ្យអាជ្ញាធរខេត្ត ត្រៀមពិនិត្យលទ្ធភាពរកទីតាំងជាស្រេចនៅទីប្រជុំជន ឬតំបន់ណា ដែលមានប្រជាជនរស់នៅច្រើនសម្រាប់ត្រៀមរៀបចំស្ថានីយចម្រោះទឹកកខ្វក់ដទៃទៀត ដើម្បីធ្វើយ៉ាងណា កុំឱ្យឆ្ងាយពីទីប្រជុំជនខ្លាំងពេក ដែលជាកត្ដាចំណាយថ្លៃដើមនៃការដឹកជញ្ជូនខ្ពស់ និងធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះ។

សូមជម្រាបជូនថា គម្រោងនៃការសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម នៅក្នុងក្រុងកំពង់ចាម គ្រោងចំណាយទឹកប្រាក់ប្រមាណជាង២២លានដុល្លារអាម៉េរិក ហើយការរៀបចំស្ថានីយនេះត្រូវបែងចែកជាតំបន់ ដោយត្រូវប្រមូលទឹកកខ្វក់ចេញពីតាមផ្ទះរបស់ប្រជាពលរដ្ឋ និងតំបន់អគារពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយ ដើម្បីធ្វើប្រព្រឹត្តកម្មមុននឹងបង្ហូរចូលក្នុងប្រភពទឹកសាធារណៈ។ ជាពិសេស នៅពេលស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម ត្រូវបានសាងសង់រួចរាល់ ក្រុងកំពង់ចាមទាំងមូល នឹងលែងមានក្លិនស្អុយតទៅទៀតហើយ។ នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងសាធារណការ និងដឹកជញ្ជូន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត