
ក្រុងប៉ោយប៉ែត៖ ជនជាតិថៃ៧នាក់ បានចាញ់បោកមេខ្យល់ នាំយកពួកគេមកបម្រើការងារជាបុគ្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកម្ពុជា ចាប់បញ្ជូនពលករឆ្លងដែនថៃទាំងនោះ ប្រគល់ទៅឱ្យនគរបាលអន្តោប្រវេសន៍ថៃ កាលពីម៉ោង១៩ៈ០០យប់ថ្ងៃទី២០ធ្នូម្សិលមិញ...។

លោកវរសេនីយ៍ឯក ជួន សារី តំណាង លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើនេះ អាជ្ញាធរបានធ្វើការឃាត់ខ្លួនជនជាតិថៃ៧នាក់ ដែលត្រូវមេខ្យល់ជនជាតិថៃដូចគ្នា បោកបញ្ឆោតថា នាំមករកការងារធ្វើនៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជាដោយខុសច្បាប់ ហើយក្នុងចំណោមជនជាតិថៃទាំង៧នាក់នោះ មាន២នាក់ជាស្ត្រីផងដែរ។
លោកវរសេនីយ៍ឯក ជួន សារី បន្តថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន លោកបានទាក់ទងទៅមន្ត្រីនគរបាលអន្តោប្រវេសន៍ថៃ គឺលោកវរសេនីយ៍ឯក រុង ថងមន្ត (ROONG THONGMON) នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថៃ ប្រចាំខេត្តស្រះកែវ ដើម្បីប្រគល់ជូនជនជាតិថៃទាំង៧នាក់ ឱ្យត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ក្រោយពីអាជ្ញាធរកម្ពុជា ធ្វើការអប់រំណែនាំរួច។

សូមបញ្ជាក់ថា សម្រាប់ប្រទេសជាប់ព្រំប្រទល់ដែន តែងតែមានលំហូរពលករចំណាកស្រុកធ្វើដំណើរឆ្លងដែនជាធម្មតា ប៉ុន្តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញ ពលករថៃលួចឆ្លងដែនចូលមករកការងារធ្វើនៅប្រទេសកម្ពុជា ហាក់មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ខណៈកន្លងមកប្រទេសថៃតែងតែផ្សព្វផ្សាយពីការលួចឆ្លងដែននៃពលករកម្ពុជាចូលទៅធ្វើការនៅប្រទេសថៃតែប៉ុណ្ណោះ។ នេះអាចបង្ហាញថា ក្រោយការដាក់ចេញនូវយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជា និងការប្រកាសបើកប្រទេសឡើងវិញរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបច្ចុប្បន្ន បានក្លាយជាប្រទេសគោលដៅចម្បងមួយសម្រាប់ប្រជាពលរដ្ឋក្បែរខាង ស្វែករកការងារធ្វើក្រោយបរិបទជមងឺកូវីដ-១៩ ចុះអន់ថយ...៕




