
ខេត្តបាត់ដំបង៖ ពលករខុសច្បាប់ចំនួន១២៣នាក់ (ស្រី៤៨នាក់ ក្មេង១៩នាក់) វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃ១៤ ខែមីនា ឆ្នាំ២០២២។

ពលករខុសច្បាប់ខាងលើ ទទួលស្វាគមន៍ដោយកម្លាំងប៉ុស្តិ៍អូរអន្លក់ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ យ៉ាងណាមិញ មកទាល់ពេលនេះ អាជ្ញាធរខេត្តបាត់ដំបងនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ នូវអត្តសញ្ញាណមេខ្យល់ដែលនាំពលករចំណាកស្រុកខុសច្បាប់។

អាជ្ញាធរបានចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ ខណៈក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល អវិជ្ជមានទាំងអស់។ ចំណោមពលករទាំងអស់ ពលករដែលគ្មានកាតចាក់វ៉ាក់សាំង មានចំនួន១៨នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជាមួយគ្នានោះ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន៤នាក់ មុននឹងអនុញ្ញាតឱ្យទៅស្រុកកំណើតរៀងៗខ្លួនវិញ។

សូមរំឭកថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ពលករខ្មែរខុសច្បាប់១៣៤នាក់ វិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនអូរអន្លក់ផងដែរ ក្នុងនោះ ពលករចំនួន៨នាក់ វិជ្ជមានវីរុសកូវីដ-១៩។ ពេលនោះ អាជ្ញាធរខេត្តបាត់ដំបង ក៏មិនទាន់បញ្ជាក់មុខសញ្ញាមេខ្យល់ដូចនឹងពេលនេះដែរ៕





