
ភ្នំពេញ៖ កីឡាចំនួន ១៣ ប្រភេទ រួមជាមួយកីឡាសម្ដែង មួយប្រភេទ ត្រូវបានអនុម័តរួចរាល់ហើយ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់របស់លោក យី វាសនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC)។

លោក យី វាសនា បានឱ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាអភិបាល កីឡាជនពិការអាស៊ាន នៅឥណ្ឌូណេស៊ី បានអនុម័តកីឡាចំនួន១២ ប្រភេទ តែមានកីឡា១ប្រភេទត្រូវដាក់បន្ថែម ហើយពេលនេះ បានឯកភាពលើកីឡា១ប្រភេទទៀត ដែលនាំឱ្យមានការសម្រេចចុងក្រោយ គឺកំណត់យកកីឡា ១៣ ប្រភេទ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ រួមទាំងកីឡាសម្ដែង ១ (Demonstration) ដែលកំណត់យកកីឡាអេឡិចត្រូនិក (E-Sports) តែមិនរាប់បញ្ចូលមេដាយនោះទេ។

កីឡាទាំង ១៣ ប្រភេទ ដែលត្រូវបានអនុម័តរួចរាល់ រួមមានកីឡាអត្តពលកម្មជនពិការ, កីឡាហែលទឹកជនពិការ, កីឡាវាយសីជនពិការ, កីឡាបាល់ទាត់ ៥ម្ខាង, កីឡាបាល់ទាត់ ៧ម្ខាង, កីឡាលើកទម្ងន់ជនពិការ, កីឡាបូស្យាជនពិការ, កីឡាវាយកូនឃ្លីលើតុជនពិការ, កីឡាយូដូជនពិការ, កីឡាបាល់បោះជិះរទេះជនពិការ, កីឡាបាល់បោះជនពិការភ្នែក, កីឡាបាល់ទះអង្គុយ និងកីឡាអុក។
លោកថា «១៣ប្រភេទកីឡានេះ បានសម្រេចរួចហើយ ក្នុងនោះ យើងកំពុងតែត្រៀមលក្ខណៈ ដើម្បីរៀបចំឱ្យចេញជាព្រឹត្តិការណ៍កីឡា ឬជាវិញ្ញាសា តាមប្រភេទកីឡានីមួយៗ។ បើតាមការគ្រោងទុក ជាបទពិសោធ នៅឥណ្ឌូណេស៊ី វិញ្ញាសាទាំងអស់ មានប្រមាណជាង ៤០០។ កាលពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូណេស៊ី គឺមាន ១៤ ប្រភេទកីឡា ហើយនៅកម្ពុជា មាន ១៣ ប្រភេទកីឡា។ អ៊ីចឹង វិញ្ញាសាដែលយើងគ្រោងរៀបចំ មិនទាន់កំណត់ជាក់លាក់នោះទេ ប៉ុន្ដែប្រហាក់ប្រហែលជាង ៤០០ វិញ្ញាសា»។

ចំពោះដំណើរការចុះឈ្មោះចូលរួមវិញ មាន ៣ ដំណាក់កាល ក្នុងដំណាក់កាលទី១ បានបញ្ចប់ហើយ គឺជាការចុះឈ្មោះប្រទេស ទៅតាមប្រភេទកីឡានីមួយៗ។ រីឯដំណាក់កាលទី២ គឺជាការចុះឈ្មោះ ចំនួនប្រតិភូមន្ដ្រី និងកីឡាករ កីឡាការិនី សរុបប៉ុន្មាននាក់ ដែលត្រូវបញ្ចប់ត្រឹមខែមករា ឆ្នាំ២០២៣ និងដំណាក់កាលទី៣ គឺការចុះឈ្មោះ តាមឯកត្តបុគ្គលនីមួយៗ៕


