
(រាជធានីភ្នំពេញ)៖ តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព លើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា គម្រោងនេះនឹងសិក្សារួចរាល់ នាដំណាច់ខែមករា ឆ្នាំ២០២៣ ខាងមុខ...។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ និងលទ្ធផលមួយចំនួន ដែលគម្រោងសិក្សាសម្រេចបានកន្លងមក និងពិនិត្យលើផែនការសកម្មភាពនាជំហានបន្ទាប់ផងដែរ។ ឯកឧត្តម បន្តថា រហូតមកដល់ពេលនេះគម្រោងកំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃការសិក្សាសមិទ្ធិលទ្ធភាព បន្ទាប់ពីទទួលបានចំណារឯកភាពពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ហើយគ្រោងនឹងបញ្ចប់ការសិក្សាឱ្យបានរួចរាល់ និងគ្រប់ជ្រុងជ្រោយ នៅដំណាច់ខែមករា ឆ្នាំ២០២៣ ខាងមុខ។ ក្រោយបញ្ចប់ការសិក្សា ក្រសួងនឹងដាក់ជូនគណៈកម្មការអន្តរក្រសួងពិនិត្យ និងសម្រេចផងដែរ។

គួរបញ្ជាក់ថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើងក្នុងគោលបំណង ដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត នឹងអាចជួយកាត់បន្ថយការចំណាយថ្លៃដើម នៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន ក៏ដូចជាជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្ទ និងកំពង់ផែកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុន។ បច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងសិក្សាលម្អិតដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) រួមជាមួយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត...៕






