រដ្ឋមន្ត្រីក្រសួងសាធារណការ ប្តេជ្ញាពង្រីក និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា
P
Pisey Sem
01 ធ្នូ 2022 12:00 PM

(រាជធានីភ្នំពេញ)៖ តាមរយៈកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ ស្តីពីហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីការប្តេជ្ញាចិត្តថា នឹងខិតខំពង្រីក និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងចំពោះមុខទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន(JICA) ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននឹងកំពុងពង្រីក និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗរបស់កម្ពុជា សំដៅឱ្យការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មក្នុងតំបន់។

ឯកឧត្តម បញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ន[..]ក្រសួង បាននឹងកំពុងពង្រីកគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗដូចជា ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក កំពង់ផែ ព្រមទាំងមានគម្រោងសាងសង់ផ្លូវ ស្ពាន ជាពិសេស គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅសៀមរាប និងពីសៀមរាបទៅប៉ោយប៉ែត និងការតភ្ជាប់ជាមួយប្រទេសជិតខាងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ខណៈផែនការមេជាតិភស្តុភារកម្មត្រូវបានអភិវឌ្ឍផងដែរ»។

លើសពីនេះ ឯកឧត្ដម ក៏បានបង្ហាញពីការប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មាន ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក ពេលកប៉ាល់ចេញចូលកំពង់ផែ (Port EDI) និងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីសម្រេចនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រិតកាបូន (LTS4CN) ឆ្នាំ២០៥០ផងដែរ។

គួរបញ្ជាក់ថា តាមរយៈកិច្ចប្រជុំស្តីពីហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់នេះដែរ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏បានបង្ហាញការប្តេជ្ញាចិត្តចំពោះការលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា តាមរយៈគម្រោងសំខាន់ៗខាងលើ។ អង្គប្រជុំនេះ ភាគីពាក់ព័ន្ធ ក៏មានការកត់សម្គាល់ និងវាយតម្លៃខ្ពស់ ព្រមទាំងមានការពិភាក្សា ប្រមែប្រមូលធាតុចូល និងផ្លាស់ប្ដូរគំនិតយោបល់យ៉ាងផុសផុល សំដៅឱ្យការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព្រឹត្តទៅមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានតម្លាភាព គណនេយ្យភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត