
(រាជធានីភ្នំពេញ)៖ ឯកអគ្គរាជទូតថ្មីនៃរដ្ឋគុយវ៉ែតប្រចំាកម្ពុជា បានបង្ហាញឆន្ទះរបស់ខ្លួនថា នឹងជំរុញវិនិយោគលើការផ្គត់ផ្គង់ថាមពលប្រេងឥន្ទនៈ និងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា ដើម្បីពង្រីកសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរថែមទៀត។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយ ក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញ...។

ឯកឧត្តម Mohamad S SH S Alhajri ឯកអគ្គរាជទូតថ្មី បានឱ្យដឹងថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេស លើវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពលប្រេងឥន្ទនៈ ការសាងសង់ផ្លូវល្បឿនលឿន និងវិស័យហិរញ្ញវត្ថុ(soft loans)ជាដើម។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានស្នើឱ្យប្រទេសទាំងពីរ បន្តអនុវត្ត និងប្រើប្រាស់ក្របខណ្ឌគតិយុត្តនានាឱ្យអស់ពីលទ្ធភាព រួមមាន៖ កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងបង្កើនទំហំពាណិជ្ជកម្មឱ្យកាន់តែខ្លាំង។

ជាការឆ្លើយតប ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម បានបង្ហាញការគាំទ្រ ខណៈ ឯកឧត្តម ក៏បានលើកទឹកចិត្តវិនិយោគិនគុយវ៉ែត ឱ្យចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ពិសេសបានស្នើជំរុញការនាំចូលនូវផលិតផលកម្ពុជា ដែលមានគុណភាព និងភាពប្រកួតប្រជែង រួមមាន ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មជាដើម។
គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-គុយវ៉ែត សម្រេចបានប្រមាណ៦៤ម៉ឺនដុល្លារអាម៉េរិក គិតត្រឹមខែតុលាឆ្នាំ២០២២ លើមុខទំនិញសំខាន់ៗ ដូចជា៖ សម្លៀកបំពាក់ និងវាយនភណ្ឌ, ថ្នាំជក់, ផលិតផលធ្វើដំណើរ, ម៉ាស៊ីន និងឧបករណ៍អគ្គីសនី, ប៉ូលីមែរនៃអេទីឡែន, កែវ និងវត្ថុធ្វើពីកែវជាដើម៕




