កម្ពុជាគ្រោងនឹងកំណត់អាយុកាលនៃការនាំចូលរថយន្តមួយទឹក និងអាយុកាលរថយន្តដែលអនុញ្ញាតឱ្យបើកបរ
K
Kimhuoy Klaing
3 ឆ្នាំមុន

រាជធានីភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានជំរុញឱ្យមានការកំណត់អាយុកាលនៃការនាំចូលរថយន្តមួយទឹក។ នេះបើតាមការលើកឡើងក្នុងកិច្ចប្រជុំឆ្លងលើពង្រាង «ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់រយៈពេល១០ឆ្នាំបន្ត ឆ្នាំ២០២១-២០៣០» នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

 ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
 ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានផ្តល់នូវមតិយោបល់ សំដៅចូលរួមក្នុងសសរស្តម្ភនៃផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ក្នុង​នោះ​ រួមមាន៖ ជំរុញការផ្លាស់ប្ដូរផ្លាកលេខឡានដែលគ្មាន QR Code ពង្រឹងនីតិវិធីនៃការប្រឡងយកបណ្ណបើកបរ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងបញ្ចូលការងារកញ្ចប់ថវិកាទាក់ទងនឹងបរិក្ខាសុវត្ថិភាពចរាចរណ៍ និងបរិក្ខាត្រូវបំពាក់តាមថ្នល់ ក្នុងការលើកគម្រោងថវិកាជួសជុលស្ថាបនាផ្លូវថ្នល់ នាពេលអនាគត។ 

យ៉ាងណាមិញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានបង្ហាញការ​គាំទ្រ​ឱ្យ​ពិនិត្យលទ្ធភាពលើករណីកំណត់អាយុកាលនៃរថយន្តមួយទឹកសម្រាប់នាំចូល និងកំណត់អាយុកាលនៃរថយន្តដែលអនុញ្ញាតឱ្យបើកបរ។

សម្តេចក្រឡាហោម ក៏លើកទឹកចិត្តឱ្យមានការ​ពង្រឹងសមត្ថភាពមន្ត្រីជំនាញលើការងារអនុវត្តច្បាប់ រឹតបណ្តឹងការផ្ទេរក្របខណ្ឌការងារពីមន្ត្រីស៊ីវិល មកជាកងកម្លាំងសមត្ថកិច្ច និងតម្រូវឱ្យមានការធ្វើតែស្តសុខភាព ជាពិសេសតេស្តរកសារធាតុញៀន មុនពេលចូលបម្រើការងារ និងលើកកម្ពស់សមត្ថភាព និងគុណភាព ការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាទំនើបក្នុងការអនុវត្តច្បាប់ ដែលវានឹងចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សផងដែរ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការ​រៀបចំ​ពង្រាង «ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០»​នេះ ជាផែនទីបង្ហាញផ្លូវ ដើម្បី​ទប់ស្កាត់កាត់បន្ថយអ្នកស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គ.ស.ច.គ បានលើកឡើងថា ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ -២០៣០ គឺជាផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ បន្តពីលើកទី១ ឆ្នាំ២០១១ -២០២១ ដែលបានអនុវត្តរួច៕

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន 
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត