
(បទយកការណ៍)៖ ទោះបីរឿងរ៉ាវ «ផ្ទះខ្មោចទិញ» បានរំលងទៅជាង២ទសវត្សរ៍ទៅហើយក្ដី ក៏អ្នកស្រុកអ្នកភូមិរស់នៅខេត្តកំពង់ឆ្នាំង និងតាមបណ្តាខេត្តជិតឆ្ងាយមួយចំនួន នៅតែមានជំនឿជឿជាក់លើភាពស័ក្តិសិទ្ធិនៃបារមីខ្មោចទិញផ្ទះនោះដដែល និងបានក្លាយជាទីកន្លែងបន់ស្រន់ដ៏ស័ក្តិសិទ្ធិមួយ ដែលមនុស្សម្នាចោមរោមមកបន់ស្រន់ឥតដាច់នោះឡើយ...។

បើយើងធ្វើដំណើរពីទីរួមខេត្តកំពង់ឆ្នាំងឆ្ពោះទៅខេត្តពោធិ៍សាត់ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ យើងនឹងឃើញ ផ្ទះថ្មមួយខ្នងសង់លើដីដែលមានទទឹង ៥ម៉ែត្រ បណ្ដោយ ២០ម៉ែត្រ និងមានហ៊ុមព័ទ្ធទៅដោយផ្ទះព្រះភូមិរាប់រយនៅជុំវិញបរវេនផ្ទះនោះ។ អ្នកស្រី ពេញ ណារី អាយុ៥៤ឆ្នាំ រស់នៅក្បែរផ្ទះខ្មោចទិញ បានរៀបរាប់ប្រាប់ឱ្យដឹងថា អ្នកស្រី បានដឹងរឿងរ៉ាវផ្ទះខ្មោចទិញនេះយ៉ាងច្បាស់ និងមានជំនឿយ៉ាងមុតមាំទៅលើបារមី ដែលអ្នកស្រី និងអ្នកភូមិនៅក្នុងស្រុកនេះ ហៅថា «ផ្ទះតាយាយស័ក្តិសិទ្ធិ» ។

បច្ចុប្បន្ន ទីតាំងមួយនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី នាំគ្នាមកធ្វើបន់ស្រន់តាមបំណងប៉ងប្រាថ្នារបស់ខ្លួន ហើយទទួលបានសម្រេចដូចបំណង ទើបពួកគេនាំគ្នាទិញព្រះភូមិមកថ្វាយជាដង្វាយដល់បារមី ដើម្បីលាមាត់លា-កនៃបំនន់។ អ្នកស្រី ពេញ ណារី បន្តថា បន្ទាប់ពីជំងឺកូវីដ-១៩ ថយចុះ រាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ គឺមានអ្នកមកបន់ស្រន់ច្រើនជាងឆ្នាំមុនៗ ព្រោះអ្នកបន់ស្រន់ទាំងនោះតែងទទួលបានលទ្ធផលដូចការស្នើសុំទើបពួកគេចេះតែនាំគ្នាមកបន់ស្រន់ និងយកដង្វាយផ្សេងៗមកថ្វាយជូនតាយាយស័ក្តិសិទ្ធិនេះតែម្ដងទៅ។

បន្ថែមលើនេះ អ្នកស្រី ពេញ ណារី បញ្ជាក់ថា មូលហេតុដែលគេមានជំនឿខ្លាំងលើ ផ្ទះខ្មោចបន់ស័ក្តិសិទ្ធិនេះ ក៏ព្រោះតែកាលពីប៉ុន្មានឆ្នាំមុន មានបុរសម្នាក់រស់នៅឯក្រុងប៉ោយប៉ែត ឈ្មោះ ហាក់ គឹមអេង ត្រូវបានបារមីខ្មោចនេះទៅពន្យល់សប្តិថា បើមានបំណងប្រាថ្នាអ្វីសូមមកធ្វើការបន់ស្រន់ទៅ នឹងបានសម្រេចមិនខាន ហើយបុរសនោះក៏មកបន់ស្រន់ពិតមែន និងបានសាងសង់ផ្ទះនេះ រួមទាំងការទិញដីពីម្ចាស់ដើម ធ្វើជាកម្មសិទ្ធិឱ្យខ្មោចនេះថែមទៀតផង។

លោកយាយយូ រិន អាយុ៦៤ឆ្នាំ និងលោកយាយឡង យ៉ាត អាយុ៨៨ឆ្នាំ ជាអ្នកភូមិថ្មី បានឱ្យដឹងស្របគ្នាថា លោកយាយទាំងពីរជឿលើការបន់ស្រន់ទៅលើបារមីផ្ទះខ្មោចទិញនេះណាស់ ព្រោះកន្លងមកបន់ស្រន់តែងបានលទ្ធផលគាប់ប្រសើរ ទើបចេះតែមកបន់ស្រន់បន្តទៅ។

ដោយឡែក លោកអ៊ូច នៅ ជាប្រជាការពារភូមិដែលថ្នាក់លើចាត់តាំងឱ្យមករៀបចំសណ្តាប់ធ្នាប់នៅទីតាំងផ្ទះខ្មោចទិញ បានឱ្យដឹងថា ក្រុមរបស់លោកមានគ្នា៨នាក់ ចែកចេញជាវេនប្រចាំការ១ថ្ងៃ២នាក់ ផ្លាស់វេនប្តូរគ្នា១្ងៃ២នាក់នេះ ជារៀងរាល់ថ្ងៃ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមកធ្វើការបន់ស្រន់ ដោយក្នុង១ថ្ងៃៗ មានមនុស្សមកមិនក្រោមពីជាង១០០នាក់ទៅ២០០នាក់ឡើយ គឺមកអត់ដែលដាច់ទេ។

សូមរំលឹកថា រឿងរ៉ាវផ្ទះខ្មោចទិញនេះ កើតឡើងតាំងពីឆ្នាំ១៩៨៩ ខណៈដែលស្ត្រីម្ចាស់ផ្ទះដើមនោះជាប្រជាកសិករមានឈ្មោះថា សំរិទ្ធ លន តែងតែមកធ្វើស្រែរួច ក៏ត្រឡប់ទៅធ្វើចម្ការនៅឯទន្លេ ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌(ជាប់ទន្លេសាប) ដោយទុកផ្ទះបិទទ្វារចោល។ ក្រោយពីម្ចាស់ផ្ទះមិននៅ ផ្ទះឈើនោះ ក៏មានភ្លើងភ្លឺនៅខាងក្នុង និងមានរឿងចម្លែកៗកើតឡើងញ៉ឹកញាប់ធ្វើឱ្យមនុស្សម្នា មិនហ៊ានដើរឆ្លងកាត់ដីផ្ទះនោះឡើយ។ កន្លងមក មានក្មេងៗឃ្វាលគោ នាំគ្នាយកគោទៅចង់ឱ្យស៊ីស្មៅក្នុងបរិវេណដីផ្ទះនោះ ក៏ស្រាប់តែពួកក្មេងៗទាំងនោះ នាំគ្នារត់ចេញប្រសាច នឹងបានស្រែកថាមានខ្មោចៗដេញ រហូតឈឺជ្រុះសក់ទៀតផង។ ហើយអ្វីដែលចម្លែកបំផុតនោះ គឺសភាពក្នុងផ្ទះស្អាតជានិច្ច មានរបៀបរៀបរយមិនមានធូលីដី ឬពីងពាងតោងព័ទ្ធ ប្រៀបដូចជាផ្ទះ ដែលមានមនុស្សចាំថែរក្សា ជូតសម្អាតរាល់ថ្ងៃយ៉ាងដូច្នេះដែរ។ ក្រោយមក រឿងនេះក៏ល្បីដល់អ្នកផលិតកុន បាននាំគ្នាមកថតយកទីតាំងផ្ទះនេះថតផ្ទាល់តែម្ដង ហើយតួអង្គក្នុងរឿងនោះក៏ត្រូវខ្មោចចូលពិតប្រាកដ បង្កការភ្ញាក់ផ្អើលមនុស្សម្នាដែលកំពុងថតនោះរត់បាតជើងសព្រាត។ ក្រោយមក ទីតាំងខាងលើនេះ បានក្លាយជាកន្លែងបន់ស្រន់ស័ក្តិសិទ្ធិមានមនុស្សម្នាមកបន់ស្រន់រហូតមកដល់សព្វថ្ងៃនេះតែម្ដង...៕



