
(ខេត្តសៀមរាប)៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ រស់នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បានដើររែងយកកម្ទេចធ្យូងតូចៗពីក្នុងឡធ្យូង បន្ទាប់ពីម្ចាស់ឡធ្យូងនោះ ប្រមូលយកធ្យូងល្អៗលក់អស់ ដើម្បីបានប្រាក់យកទៅឱ្យម្តាយទិញម្ហូបអាហារ និងដាក់សន្សំយកទៅទិញកង់ជិះទៅរៀន ខណៈដែលម្តាយកំពុងមានជំងឺប្រចាំកាយ ធ្វើឱ្យជីវភាពគ្រួសារមួយនេះ ជួបការលំបាកគួរឱ្យសង្វេគ...។

កុមារា ឡូត ថេវ៉ាន់ បានអង្គុយរៀបរាប់ប្រាប់ពីដំណើរជីវិតរបស់ខ្លួន ដល់អង្គភាពសារព័ត៌មាន SBM News ដែលបានទៅជួបក្មួយប្រុសនៅឯឡធ្យូងថា ក្មួយប្រុសជាក្មេងកំព្រាឪពុករស់នៅជាមួយម្តាយ និងប្អូនប្រុសប្អូនស្រីពីរនាក់ទៀត បន្ទាប់ពីឪពុកបានលែងលះម្តាយទៅរៀបការជាមួយប្រពន្ធថ្មី។ក្នុងនាមជាកូនប្រុសច្បងក្នុងគ្រួសារ និងមើលឃើញម្តាយជាប់រវល់មើលថៃប្អូនស្រីដែលនៅតូច កុមារា ឡូត ថេវ៉ាន់ បានដើរទៅសុំឡធ្យូងមាមីងក្នុងភូមិ ដែលមានក្ដីអាណិតអាសូរដល់រូបគេ ដើម្បីបានរែងយកកម្ទេចធ្យូងក្រោយពីម្ចាស់ឡទាំងនោះប្រមូលផលធ្យូងល្អៗយកទៅលក់ឱ្យឈ្មួញអស់។ តាមពិត កម្ទេចធ្យូងនោះ ក៏ត្រូវម្ចាស់ឡ ប្រមូលយកលក់ខ្លួនឯងបានដែរ ប៉ុន្តែព្រោះតែអាណិតកុមារា ឡូត ថេវ៉ាន់ ពួកគាត់បានឱ្យកុមារាកម្សត់ ដែលមានភាពតស៊ូក្នុងជីវិតម្នាក់នេះ រែងយកទៅលក់ យកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

កុមារា ឡូត ថេវ៉ាន់ រៀបរាប់ថា ក្នុងមួយថ្ងៃ រូបគេអាចរែងបានពី៥ទៅ៧ការ៉ុង ប៉ុន្តែបើចំថ្ងៃរៀន គឺបានប្រហែល៣ការ៉ុងប៉ុណ្ណោះ ដោយក្នុងមួយការ៉ុងលក់ឱ្យឈ្មួញ មកទិញតម្លៃ២ពាន់រៀល។ ក្រៅពីផ្តល់ថវិកាខ្លះពីការលក់ធ្យូងទៅឱ្យម្តាយទិញម្ហូបអាហារ កុមារា ឡូត ថេវ៉ាន់ បានយកប្រាក់នោះទៅញាត់កូនជ្រូកសន្សំ ទុកសម្រាប់ទិញកង់ និងឧបករណ៍(ទ្រ)មួយ ដើម្បីទុកហាត់រៀនកូដលេងភ្លេងបុរាណ ព្រោះកាលពីជីតានៅរស់ធ្លាប់បានបង្រៀនកុមារា ឡូត ថេវ៉ាន់ ឱ្យចេះកូដទ្រលេងភ្លេងការ និងឧបករណ៍តន្ត្រីខ្មែរមួយចំនួនដូចជា៖ ឃឹម ស្គរ ប៉ុន្តែគួរឱ្យស្ដាយជីតារបស់កុមារា ឡូត ថេវ៉ាន់ បានអនិច្ចកម្មទៅ ឯទ្រក៏ត្រូវគេយកទៅបាត់ ធ្វើឱ្យរូបគេមិនមានអ្វីរៀនតទៅទៀត...។ ជាចុងក្រោយ កុមារា ឡូត ថេវ៉ាន់ មានបំណងចង់រៀនឧបករណ៍តន្ត្រីខ្មែរ ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន និងចង់ស្នងមរតកពីជីតា ដែលជាអ្នកភ្លេងបុរាណខ្មែរផងដែរ។

នាង ភៀច គន្ធា អាយុ២៤ឆ្នាំ ជាម្តាយកុមារា ឡូត ថេវ៉ាន់ បានឱ្យដឹងថា នាងមានស្វាមីដំបូងឈ្មោះ សេង ឡូត បានកូនប្រុស២នាក់ ក៏បែកបាក់គ្នា ដោយប្ដីនាងបានទៅយកប្រពន្ធថ្មី ឯនាងវិញក៏បានយកបុរសម្នាក់ទៀតឈ្មោះ ហ៊ុន រុន បានកូនស្រីមួយ ប៉ុន្តែស្វាមីក្រោយរបស់នាង មានប្រពន្ធមុនដែរ ដូច្នេះ ការនៅរួមរស់ជាមួយនាងមិនពេញលេញទេ។ នាង ភៀច គន្ធា បន្តថា ដោយសារនាងមានជំងឺប្រចាំកាយ និងមានកូនតូចជាប់ខ្លួន មិនអាចទៅធ្វើការស៊ីឈ្នួលជួលព័ទ្ធ រកប្រាក់បានផ្គត់ផ្គង់ជីវភាព ទើបបណ្តោយឱ្យកូនទៅរែងធ្យូង និងពេលខ្លះនាងទៅរែងជាមួយកូនដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដោយសារ គេអាណិតនាង និងកូនៗ អ្នកមកទិញធ្យូងពីនាង និងកូន តែងផ្តល់ប្រាក់ឱ្យមុនយកមកដោះទាល់ ហើយចាំទៅច្រកធ្យូងឱ្យគេតាមក្រោយក៏មាន..។

ដោយឡែក លោក សោម ជូន និងលោក រុន រី ជាអ្នកក្បែរខាង នាងភៀច គន្ធា បានឱ្យដឹងស្របគ្នាថា គ្រួសារនាងភៀច គន្ធា ពិតជាកម្សត់ទុរគតពិតមែន បន្ទាប់ពីប្ដីមុនបានលែងលះ ហើយនាងក៏មានជំងឺប្រចាំកាយផងដែរ។ បន្ថែមលើនេះ ប្ដីក្រោយរបស់នាង ក៏ជាប្ដីបញ្ញើក្អែកដែរ ពោលគឺគេមានប្រពន្ធគេមុនដែរ មិនសូវបានជួយលុយកាក់ដិតដល់ទេ បានត្រឹមមកបំផើមហើយទៅចោលនាងភៀច គន្ធាបាត់ យូៗឃើញអើតមកម្តង ធ្វើឱ្យជីវភាពគ្រួសារនាងភៀច គន្ធាជួបការលំបាក។ សព្វថ្ងៃបានតែកូនច្បងហ្នឹងហើយជួយរកលុយចិញ្ចឹមម្តាយ និងប្អូនៗ កុំអីមិនដឹងយ៉ាងណាទេ។ ជាងនេះផងដែរ កុមារា ឡូត ថេវ៉ាន់ ងាយនឹងរងគ្រោះដោយជំងឺផ្សេងៗណាស់ ព្រោះគេស្រូបយកជាតិពុលពីក្នុងឡ ជារៀងរាល់ថ្ងៃ ពិសេស គឺការដកដង្ហើមស្រូបយកលំអងធូលីចេញពីកម្ទេចធ្យូងនោះតែម្ដង..៕




